អាមេរិកប្រកាសប្រមូលពន្ធគយប្រចាំឆ្នាំបាន ១០០ពាន់លានដុល្លារជាលើកដំបូង ហើយរំពឹងខ្ពស់ថា ថវិកានេះអាចនឹងកើនដល់ខ្ទង់ ៣០០ពាន់លានដុល្លារនៅឆ្នាំបន្ទាប់
- BY
- Pheakdey
- July 12, 2025
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសថា ប្រទេសខ្លួនអាចប្រមូលពន្ធគយប្រចាំឆ្នាំបានចំនួន ១០០ពាន់លានដុល្លារជាលើកដំបូង នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែកក្កដា។ សូមបញ្ជាក់ជូនថា ចំនួនថវិកាដែលប្រមូលបានមកពីការប្រមូលពន្ធគយប្រចាំឆ្នាំខាងលើនេះគឺត្រូវបានគិតចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២៤ រហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២៥នេះ។

បើតាមនាយកដ្ឋានរតនាគារអាមេរិកបានបង្ហាញសុទិដ្ឋិនិយមថា សម្រាប់នៅឆ្នាំបន្ទាប់ ពោលគឺជារយៈពេលគិតចាប់ពីដើមខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ចុងខែមិថុនា ឆ្នាំ២០២៦ ចំនួនពន្ធគយរបស់អាមេរិកអាចនឹងបន្តកើនឡើងដល់ខ្ទង់ ៣០០ពាន់លានដុល្លារឯណោះ។ ប្រភពខាងលើបានបន្តថា ការហ៊ានវាយតម្លៃអំពីកំណើនចំនួនពន្ធគយដ៏ច្រើននេះគឺត្រូវបានធើ្វឡើងដោយផ្អែកថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នាពេលបច្ចុប្បន្នបានកំពុងតែដាក់ចេញច្បាប់ដំឡើងពន្ធគយក្នុងអត្រាយ៉ាងខ្ពស់ពីសំណាក់បណ្តាប្រទេសជាច្រើននៅជុំវិញពិភព ខណៈច្បាប់ថ្មីនេះត្រូវបានអនុវត្តចំពោះប្រទេសមួយចំនួនរួចហើយ និងប្រទេសមួយចំនួនទៀតនឹងត្រូវផ្តើមអនុវត្តចាប់ពីដើមខែសីហា ឆ្នាំ២០២៥នេះតទៅផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters
- Share This Post:






