ចិនកោតសរសើរចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យា និងប្តេជ្ញាផ្តល់កិច្ចសហការបន្ថែមទៀត
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ កន្លងទៅបានឱ្យដឹងថា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចប្រជុំជាមួយ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ភាគីចិនបានកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតនូវគណៈកម្មការចំពោះកិច្ចដ៏សំខាន់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីឆន្ទៈរបស់ចិនក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងល្បែងស៊ីសងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍៕

ប្រភព៖ ក្រសួងព៍ត៌មាន