CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Astronomer សម្រេចលាឈប់ពីតំណែង ក្រោយផ្ទុះរឿងអាស្រូវស្នេហាជាមួយបុគ្គលិកខ្លួន
- BY
- Pheakdey
- July 21, 2025
អាមេរិក៖ លោក Andy Byron ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Astronomer បានសម្រេចលាឈប់ពីការងារហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian។ ការសម្រេចបោះបង់ចោលតំណែងកំពូលនៅក្នុងក្រុមហ៊ុនធ៏ធំនេះត្រូវបានធ្វើឡើងក្រោយរឿងអាស្រូវមួយបានផ្ទុះឡើង ពោលគឺទំនាក់ទំនងស្នេហាលួចលាក់រវាងលោក Andy Byron ជាមួយនឹងអ្នកនាង Kristin Cabot ដែលជាប្រធានផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុន។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅនេះ ជាថ្ងៃដែលលោក Andy Byron និងអ្នកនាង Kristin Cabot បានដាក់ពាក្យសូមឈប់សម្រាកពីការងារមួយថ្ងៃ ដោយប្រើប្រើហេតុផលផ្ទាល់ខ្លួនផ្សេងៗគ្នា។ យ៉ាងណាក្តី នៅក្នុងថ្ងៃដដែលនោះពួកគាត់បានទៅចូលទស្សនាការប្រគំតន្ត្រីមួយរបស់ក្រុមតារាចម្រៀង Coldplay ដែលរៀបចំឡើងនៅក្នុងទីក្រុង Foxborough រដ្ឋ Massachusetts សហរដ្ឋអាមេរិក ហើយអំឡុងពេលនោះគេបានថតសកម្មភាពអោបថើបគ្នាយ៉ាងស្និតស្នាលរបស់ពួកគាត់ទាំងពីរយកទៅផ្សាយនៅលើផ្ទាំងអេក្រង់ដ៏ធំ ដើម្បីឱ្យមនុស្សជាច្រើននាក់បានឃើញជាសាធារណៈទៀតផង។
គេមិនបានដឹកច្បាស់ថា ទំនាក់ទំនាងស្នេហារវាងលោក Andy Byron និងអ្នកនាង Kristin Cabot បានកើតឡើងតាំងពីពេលណានោះទេ តែអ្វីដែលគេអាចមើលឃើញជាក់ស្តែងនោះគឺថា លោក Andy Byron បានធ្វើរឿងខុសឆ្គងដ៏ធំមួយ ពោលគឺរូបគាត់ជាមនុស្សដែលបានរៀបការរួចហើយនិងកំពុងមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធតាមផ្លូវច្បាប់ តែគាត់បែរជាលួចមានទំនាងទំនងស្នេហាជាមួយមនុស្សស្រីម្នាក់ផ្សេងទៀតទៅវិញ។ អ្វីដែលជារឿងកាន់តែអាក្រក់ទៀតនោះគឺថា ស្រ្តីជាជនទី ៣នៅក្នុងទំនាងទំនងស្នេហារបស់លោក Andy Byron និងប្រពន្ធ គឺជាមនុស្សដែលកំពុងកាន់តំណែងដ៏ខ្ពស់មួយនៅក្នុងក្រុមហ៊ុនជាមួយគ្នា ដែលរឿងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនទាំងមូល ជាពិសេសនោះវាគឺជាគំរូមិនល្អនោះទេនៅក្នុងក្រុមហ៊ុន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Guardian
- Share This Post:






