មនុស្ស ៣នាក់បានបាត់បង់ជីវិត និង ២៧នាក់រងរបួស ដោយសាររត់ជាន់គ្នាក្នុងអំឡុងពេលប្រជ្រៀតគ្នាចូលរួមពិធីមង្គលការកូនអភិជននៅឥណ្ឌូណេស៊ី
- BY
- Pheakdey
- July 22, 2025
ឥណ្ឌូណេស៊ី៖ ភាពរីករាយនៅក្នុងពិធីមង្គលការមួយបានប្រែក្លាយជាទៅពេលវេលាយ៉ាងក្រៀមក្រំនិងទុក្ខសោកវិញសម្រាប់មនុស្សមួយចំនួនទៅវិញ ក្រោយពិធីមង្គលការដ៏អធិកអធមមួយនេះបានបណ្តាលឱ្យមានមនុស្សចំនួន ៣នាក់ត្រូវស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួស។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២១ ខែកក្កដាបានឱ្យដឹងថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូណេស៊ី។

ប្រភពខាងលើបានបន្តថា ពិធីមង្គលការខាងលើនេះគឺមានកូនក្រមុំជាអភិបាលរងក្រុង Garut នៃខេត្ត West Java ដែលត្រូវរៀបការជាមួយកូនកំលោះជាកូនប្រុសរបស់អភិបាលខេត្ត West Java ពោលគឺទាំងគ្រួសារកូនកូនក្រមុំនិងគ្រួសារកូនកំលោះសុទ្ធជាអភិជន អ្នកមានមុខមាត់ខ្ពស់នៅក្នុងសង្គម និងមានទ្រព្យសម្បត្តិច្រើន។ ដោយហេតុនេះហើយទើបពិធីមង្គលការខាងលើនេះត្រូវបានរៀបចំឡើងដោយខុសពីពលរដ្ឋសាមញ្ញបន្តិច ពោលវាគឺជាពិធីមង្គលការ ដែលបើកឱ្យសាធារណជនអាចចូលរួមដោយសេរីតែម្តង។ យ៉ាងណាក្តី ពិធីមង្គលការដែលបានបើកជាសាធារណៈនេះបានជម្រុញឱ្យភ្ញៀវមួយចំនួនត្រូវប្រជ្រៀតគ្នាយ៉ាងខ្លាំងរហូតនាំឱ្យមានការរត់ជាន់គ្នាស្លាប់និងរបួសតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






