អន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសទទួលយកគម្រោងវិនិយោគតម្លៃ ៥៥០ពាន់លានដុល្លារពីជប៉ុន និងសម្រេចបញ្ចុះអត្រាពន្ធគយសម្រាប់ជប៉ុនសល់ត្រឹម​ ១៥%

BY
Pheakdey
July 23, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអំពីការចុះកិច្ចព្រៀងពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ដ៏ច្រើនបំផុតមួយជាមួយប្រទេសជប៉ុន ជាមួយនឹងការបញ្ចុះតម្លៃព​ន្ធគយមកសល់ត្រឹម ១៥% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៣ ខែកក្កដា។ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមទទួលយកគម្រោងវិនិយោគធំមួយជាផ្លូវការពីប្រទេសជប៉ុនហើយ ដោយគម្រោងវិនិយោគនោះមានតម្លៃជាទឹកប្រាក់រហូតដល់ ៥៥០ពាន់លានដុល្លារ។

នៅក្នុងសារតាមបណ្តាញសង្គមដដែលនេះ លោក ដូណាល់ ត្រាំ ក៏បានបន្ថែមថា​ ចាប់ពីពេលនេះទៅប្រទេសជប៉ុនអាចបង្កើនការនាំចេញផលិតផលខ្លួនដូចជា គ្រឿងសម្ភារៈសម្រាប់ផលិតរថយន្ត​ជាលក្ខណៈគ្រួសារ រថយន្តធំ ផលិតផលកសិកម្ម និងផលិតផលផ្សេងៗជាច្រើនទៀតមកកាន់សហរដ្ឋអាមេរិកបាន ជាមួយនឹងអត្រាពន្ធគយត្រឹមតែ ១៥% ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បានកំណត់អត្រាពន្ធនាំចូលផលិតផលពីប្រទេសជប៉ុនក្នុងអត្រា ២៥% គ្រប់ផលិតផលទាំងអស់ រួមទាំងការនាំចូលរថយន្តផងដែរ។ យ៉ាងណាក្តី នៅក្នុងសារខាងលើនេះលោក ដូណាល ត្រាំ មិនបានបញ្ជាក់ច្បាស់ទេថា ពន្ធនាំចូលរថយន្តទាំងមូលពីប្រទេសជប៉ុននឹងត្រូវធ្លាក់មកសល់ត្រឹម ១៥%ដែរឬអត់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: