អន្តរជាតិ

សាកលវិទ្យាល័យ Columbia យល់ព្រមបង់ប្រាក់សំណង ២០០លានដុល្លារឱ្យរដ្ឋាភិបាលអាមេរិក ជុំវិញករណីខកខានមិនបានការពារនិស្សិតមានដើមកំណើតជាជនជាតិជ្វីហ្វ

BY
Pheakdey
July 24, 2025

អាមេរិក៖ សាកលវិទ្យាល័យ Columbia បានយល់ព្រមបង់ប្រាក់សំណងចំនួន ២០០លានដុល្លារទៅកាន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ជុំវិញករណីដែលសាកលវិទ្យាល័យមួយនេះមិនបានជួយការពារនិស្សិតជនជាតិជ្វីហ្វ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទីព្រហស្បតិ៍​ ទី២៤ ខែកក្កដា។ ការទូទាត់ប្រាក់សំណងដ៏ច្រើននេះនឹងត្រូវធ្វើឡើងក្នុងទម្រង់ជាការបង់រំលស់បន្តិចម្តងៗក្នុងរយៈពេលកំណត់ ៣ឆ្នាំ។

សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យ Columbia គឺជាសាកលវិទ្យាល័យមួយនៅក្នុងចំណោមសាកលវិទ្យាល័យជាច្រើនផ្សេងទៀត ដែលជាប់ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងចលនាប្រឆាំងតវ៉ាសង្គ្រាមនៅតំបន់ហ្គាហ្សា ពោលគឺជាសង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងកងកម្លាំងជ្រុលនិយម Hamas ប៉ាឡេស្ទីន។ នៅចំពោះសង្គ្រាមដ៏ធំនេះ ក្រុមនិស្សិតដែលមានដើមកំណើតជាជនជាតិជ្វីហ្វនៅសហរដ្ឋអាមេរិកត្រូវបានគេរើសអើង ឬធ្វើទុកបុកម្នេញ ដ្បិតមនុស្សជាច្រើនយល់ឃើញថា ប្រទេសអ៊ីស្រាអែលដែលត្រូវបានបង្កើតឡើងដោយក្រុមជនជាតិជ្វីហ្វ គឺជាអ្នកបង្កឱ្យមានសង្គ្រាមក៏ដូចជាបញ្ហាផ្សេងៗនៅលើពិភពលោក។ នៅក្នុងស្មារតីរក្សាសន្តិភាពនិងសុវត្ថិភាពចំពោះក្រុមនិស្សិតដែលមានដើមកំណើតជាជនជាតិជ្វីហ្វ នាពេលកន្លងមកអាជ្ញាធរអាមេរិកបានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យក្រុមសាកលវិទ្យាល័យនៅក្នុងបញ្ជីខាងលើនេះត្រូវតែខិតខំការពារសុវត្ថិភាពក្រុមនិស្សិតជនជនជាតិជ្វីហ្វឱ្យអស់ពីលទ្ធភាព ហើយបើសាកលវិទ្យាល័យណាមួយខកខានមិនបានអនុវត្តកាតព្វកិច្ចនេះទេនឹងត្រូវរងនូវការពិន័យតាមច្បាប់ជាធរមាន៕  

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: