ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថៃកាន់តែគឃ្លើន និងសាហាវ ដោយមិនខ្លាចច្បាប់អន្តរជាតិក្រៅពីប្រើគ្រា-ប់បែកចង្កោម ពេលនេះបានប្រើផ្សែងពុលមកលើកងទ័ពកម្ពុជាថែមទៀត

    BY SOMATEY July 28, 2025
    ថៃកាន់តែគឃ្លើន និងសាហាវ ដោយមិនខ្លាចច្បាប់អន្តរជាតិក្រៅពីប្រើគ្រា-ប់បែកចង្កោម ពេលនេះបានប្រើផ្សែងពុលមកលើកងទ័ពកម្ពុជាថែមទៀត

    កងទ័ពឈ្លានពានរបស់ថៃនៅថ្ងៃទី២៧និង២៨ខែកក្កដា ឆ្នាំ២០២៥ ក្រៅពីប្រើអាវុធធុនធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម ហើយនោះ នាពេលនេះបានចាប់ផ្តើមវាយប្រហារដោយប្រើគ្រាប់បែកផ្សែងពុលមកលើកងទ័ពកម្ពុជាថែមទៀត។

    បើយោងតាមសេចក្តីរាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥នេះឱ្យដឹងថា៖នាពេលនេះកងទ័ពឈ្លានពានថៃបានប្រើផ្សែងពុលមកលើកងទ័ពកម្ពុជាយ៉ាងហោចណាស់២កន្លែងពោលគឺនៅតំបន់អានសេះ និងតំបន់ភ្នំខ្មោច។

    ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកថា ការប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម និងចុងក្រោយនេះឈានដល់ការប្រើប្រាស់ផ្សែងពុលជាអំពើខុសច្បាប់អន្តរជាតិធ្ងន់ធ្ងរដែលត្រូវបញ្ឈប់ជាបន្ទាន់។

    បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងដែរទាក់ទិនទៅនឹងសមរភូមិរយៈពេល៥ថ្ងៃមកនេះពីសំណាក់កងទ័ពថៃ ឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជាដែលកំពុងបង្ហាញយ៉ាងច្បាស់ក្រឡែតអំពីការរំលោភបំពានលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ធម្មនុញ្ញាអាស៊ាន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។សកម្មភាពដែលគ្មានទំនួលខុសត្រូវ និង ខុសច្បាប់បែបនេះបានបង្កយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព ស្ថេរភាពក្នុងតំបន់នោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិទៀតផង។

    ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងប្រាប់អំពីសកម្មភាពសមរភូមិ ភូមិភាគទី៤ដែលភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាពោលគឺចាប់តាំងតែវេលាម៉ោង ២,០០នាទីរំលងអធ្រាត្រថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានចាប់ផ្តើមផ្លោងនៅវាលឥន្ទ្រី។ សម្រាប់ម៉ោង១៣,០០កងទ័ពឈ្លានពានថៃចាប់ផ្តើមវាយប្រហារនៅតំបន់៥មករា ចំការចេក និងប្រាសាទព្រះវិហារ ។វេលាម៉ោង១៥,១៧នាទីយន្តហោះថៃបានបាញ់ផ្សែងពុលនៅអានសេះ។នៅវេលាម៉ោង ១៦,១២នាទីសភាពការណ៍នៅជប់គគីរ ថ្មដូន ភាគីថៃបានបាញ់ផ្លោងរង្វើលៗចូលតាមបណ្តាទីតាំងរបស់យើង ។ចំណែកឯប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ថៃបានផ្លោងចូលដូចភ្លៀងរលឹមផងដែរ។

    ដោយឡែក ទិសទី១ តំបន់៥មករា ភ្នំខ្មោច អានសេះ ថៃវាយប្រហារកាន់តែខ្លាំងក្លាឡើង នៅវេលាម៉ោង ១៣,១៣នាទីរហូតដល់ម៉ោង ១៦,០០នាទីថៃបានប្រើយន្តហោះបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងព្រមទាំងតាមទីតាំងមួយចំនួនទៀត។នៅវេលាម៉ោង ១៦,៤០នាទី ភាគីថៃបានចាប់ផ្តើមវាយនៅតំបន់ មុំបី,នៅវេលាម៉ោង ១៧,០៦នាទី ភាគីថៃបានប្រើយន្តហោះ ដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុលនៅតំបន់ភ្នំខ្មោច ។

    សម្រាប់ឈានចូលដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥បើទោះបីមានការកំណត់នូវកិច្ចប្រជុំពិសេស កម្រិតរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅទីក្រុងកូឡាឡាំពួរក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងចរចាឱ្យបាននូវបទឈប់បាញ់គ្នាក៏ដោយ នៅថ្ងៃនេះក៏ដោយ តែនៅវេលាម៉ោង ៣,១០នាទីរំលងអធ្រាត្រ ភាគីថៃនៅបន្តបើកការវាយប្រហារមុន មកលើកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបាញ់ស្រោចរហូតដល់ម៉ោង ៥,០៧នាទីព្រឹកនេះ។ចំពោះសភាពការណ៍នៅតាមប្រាសាទតាមាន់ធំ ជប់គគីរ តាដូន វាលឥន្រ្ទី ៥មករា តាថាវ ភ្នំខ្មោច អានសេះ ថៃបានវាយយ៉ាងខ្លាំង ដើម្បីដណ្តើម វត្តកែវគិរីស្វារៈ និងព្រមជាមួយគ្នានេះបានបង្កើនសមរភូមិ នៅជប់គគីរ ថ្មដូន ឱ្យឆេះរាលដាលឆេះសន្ធោសន្ធៅ។

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងដែរថាទោះបីមានការរំលោភបំពានពីសំណាក់កងទ័ពថៃយ៉ាងណាក្តី តែកងទ័ពកម្ពុជាដ៏អង់អាចក្លាហានម៉ោះមុត នៅឈររឹងមាំ តស៊ូយ៉ាងស្វិតស្វាញមិនញញើតនឹងសត្រូវឈ្លានពានសូម្បីតែបន្តិចសោះឡើយ និងកំពុងឈរយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: