ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៤រូប

    BY SOMATEY August 1, 2025
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៤រូប

    កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៤រូប ដែលពិធីបុណ្យធ្វើនៅគេហដ្ឋានរៀងៗខ្លួន នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

    មរណភាពក្នុង បុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ របស់វីរជនទាំង៤រូប រួមមាន ១. លោកវរសេនីយ៍ឯក អ៊ុត វណ្ណា, ២. លោកវរសេនីយ៍ឯក សៀង សាត, ៣. លោកវរសេនីយ៍ឯក ឆៃ រ័ត្ន, និង៤. លោកវរសេនីយ៍ត្រី ភាព សោភ័ណ គឺជាការបាត់បង់វីរយុទ្ធជន ដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តមោះមុតក្នុងសមរភូមិ ប្រយុទ្ធស៊ូប្តូរជីវិត តាមពាក្យស្លោក ជីវិតជូនជាតិមាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ។

    កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារសម្រាប់ចូលបុណ្យសព រួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

    ប្រភព៖ កាកបាទក្រហមកម្ពុជា

    Share This Post: