ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពាវនាវឱ្យពលករខ្មែរទាំងអស់ វិលត្រឡប់មកធ្វើការនៅកម្ពុជាវិញ ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត

    BY SOMATEY August 1, 2025
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពាវនាវឱ្យពលករខ្មែរទាំងអស់ វិលត្រឡប់មកធ្វើការនៅកម្ពុជាវិញ ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត

    នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គម្រោង ៤២៦ ដែលបានអនុម័តកាលពីថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ២០២៥ គឺបង្កើតឱកាសការងារជាង ៣០ម៉ឺនកន្លែង ជាពិសេសវិស័យឧស្សាហកម្ម ហើយសង្ឃឹមថា នឹងមានកំណើនបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដែលរំពឹងទុកថាអាចនឹងលើស ៥០០គម្រោង ការមានកំណើននេះ គឺតាមរយៈការបន្ទូរបន្ថយអត្រាពន្ធមកត្រឹម ១៩%នេះ អាចទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ដោយយោងលើអត្រាកំណើនការងារនេះ គឺសូមអំពាវនាវដល់បងប្អូនដែលធ្វើការចំណាក់ស្រុក សូមវិលត្រឡប់មកប្រទេសដើមវិញ ព្រោះប្រទេសយើង ផ្ទះយើង ភាសាយើង ម្ហូបអាហារយើង បងប្អូនយើង សាសនាយើង ព្រះមហាក្សត្រយើង រាជរដ្ឋាភិបាលយើង ដូច្នេះគួរតែពិចារណាវិលត្រឡប់មកប្រទេសខ្លួនវិញ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចជាតិយើង បើធ្វើការនៅប្រទេសក្រៅ គឺអត់បានជួយដល់សេដ្ឋកិច្ចជាតិទេ។ ពីព្រោះបើបងប្អូនវិលមកធ្វើការនៅក្នុងប្រទេសវិញ គឺជួយដល់សេដ្ឋកិច្ចជាតិយើងឱ្យរីកចម្រើន និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើងវិញ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនថែមទៀត៕

    ប្រភព៖ pressocm

    Share This Post: