រថយន្តតាក់ស៊ីគ្មានមនុស្សបើកមួយគ្រឿងនៅចិន បានបើកបរខុសបច្ចេកទេសធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅមួយក្នុងការដ្ឋានសំណង់
- BY
- Pheakdey
- August 9, 2025
ចិន៖ រថយន្តតាក់ស៊ីគ្មានមនុស្សបើក (Robotaxi) មួយគ្រឿងនៅក្នុងប្រទេសចិន បានបើកខុសផ្លូវធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅមួយក្នុងការដ្ឋានសំណង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅក្នុងទីក្រុង Chongqing ប៉ែកខាងត្បូង នៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា រថយន្តតាក់ស៊ីគ្មានមនុស្សបើកមួយគ្រឿងនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Baidu’s Apollo Go ហើយនៅក្នុងពេលកើតហេតុរថយន្តតាក់ស៊ីមានផ្ទុកអ្នកដំណើរជាស្ត្រីម្នាក់ តែស្រ្តីជាអ្នកដំណើររូបនោះមិនបានរងរបួសធ្ងន់ធ្ងរនោះទេ។ យ៉ាងណាក្តី ករណីគ្រោះថ្នាក់នេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពបច្ចេកវិទ្យារថយន្តគ្មានមនុស្សបើករបស់ក្រុមហ៊ុនចិន ដោយសាធារណជននឹងមានអារម្មណ៍ខ្លាចមិនចង់ហ៊ានប្រើប្រាស់សេវាកម្មនេះបន្តទៀត ដ្បិតខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






