អាជ្ញាធរថៃផ្តល់សំណងឱ្យភ្ញៀវទេសចរម៉ាឡេស៊ី ដែលត្រូវបុរសម្នាក់ចាក់សាំងដុតនៅបាងកក ចំនួន ១៧,០០០ដុល្លារ និងជួយចេញថ្លៃព្យាបាលមួយចំនួន
- BY
- Pheakdey
- August 12, 2025
ម៉ាឡេស៊ី៖ រដ្ឋាភិបាលថៃបានប្រកាសនឹងផ្តល់ប្រាក់សំណងទៅកាន់ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន ២នាក់ ដែលត្រូវបានពលរដ្ឋថៃម្នាក់ចាក់សាំងកណ្តាលទីក្រុងបាងកកឱ្យរងរបួសធ្ងន់នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Malay Mail កាលពីយប់ថ្ងៃទី ១១ ខែសីហា។ ប្រាក់សំណងនឹងត្រូវផ្តល់ជូននោះគឺមាន២ប្រភេទរួមមានទាំងការចេញថ្លៃលើការព្យាបាលជាក់ស្តែង និងប្រាក់សំណងផ្នែកជំងឺចិត្តផងដែរ។

បើតាមលោក Natreeya Taweewong ដែលជារដ្ឋលេខាធិការនៃក្រសួងទេសចរណ៍និងកីឡាថៃបានបញ្ជាក់ថា ចំពោះប្រាក់សំណងផ្នែកព្យាបាលគឺអាជ្ញាធរថៃនឹងចេញថ្លៃព្យាបាលជូនចំពោះអ្នកជំងឺម្នាក់ៗតាមភាពស្តែង តែមានចំនួនអតិបរមាត្រឹម ៥០០,០០០បាត (១៧,០០០ដុល្លារ)។ ដោយឡែកសម្រាប់សំណងជំងឺចិត្តវិញគឺជនរងគ្រោះម្នាក់ៗនឹងត្រូវទទួលបានចំនួន (១៧,០០០ដុល្លារ) ផងដែរ។ សូមរម្លឹកជូនថា ហេតុការណ៍ចាក់សាំងដុតមនុស្សទាំងកម្រោលនេះបានកើតឡើងនៅមុខផ្សារ Big C មួយកន្លែងនៅលើបណ្តោយផ្លូវ Ratchadamri ក្នុងកណ្តាលទីក្រុងបាងកក បង្កឡើងដោយជនជាតិថៃម្នាក់ឈ្មោះថា Varakorn Pubthaisong អាយុ ៣០ឆ្នាំ ខណជនរងគ្រោះវិញ គឺមានម្នាក់ឈ្មោះ Ong Yik Leong អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Gan Xiao Zhen និងមានអាយុ ២៧ឆ្នាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Malay Mail
- Share This Post:






