អន្តរជាតិ

ជំនួបរវាងលោក ត្រាំ និងលោក ពូទីន ត្រូវបានរៀបចំឡើង ខណៈកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅមិនទាន់កើតមាននៅឡើយទេ

BY
Pheakdey
August 16, 2025

អាមេរិក៖ ជំនួបពិសេសរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀរ ពូទីន នៅក្នុងរដ្ឋអាឡាស្កា ត្រូវបានរៀបចំរួចរាល់ហើយ ខណៈកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាមនៅរវាងរុស្ស៊ីនិងអ៊ុយក្រែននៅមិនទាន់កើតមាននៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែសីហា។ យ៉ាងណាក្តី មេដឹកនាំនៃប្រទេសទាំង ២ សុទ្ធតែបានអះអាងថា ជំនួបនេះបាននាំមកនូវលទ្ធផលដែលមានសារៈសំខាន់ជាច្រើនចំពោះអាមេរិកនិងរុស្ស៊ី ក៏ដូចជាសេដ្ឋកិច្ចនិងសន្តិសុខនៅលើពិភពលោកដែរ។

គួររម្លឹកជូនថា នាពេលកន្លងមកលោកប្រធានាធិ​​បតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងស្តីការបញ្ចប់សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន អាចនឹងកើតមានឡើងក្រោយជំនួបខាងលើនេះត្រូវបានបិទបញ្ចប់ ហើយភ្លើងសង្គ្រាមអាចបញ្ចប់ទៅបានលុះត្រាបានភាគីជម្លោះទាំង ២ យល់ព្រមធ្វើការដោះដូរ ឬកាត់ទឹកដីផ្នែកណាមួយនៃដែនដីរបស់ខ្លួន។ បើទោះជាយ៉ាងនេះក៏ដោយចុះ គេនៅរពឹងថាតាមរយៈជំនួបពិសេសខាងលើនេះ អាចជាការបើកផ្លូវមួយឱ្យមានការបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅពេលដ៏ខ្លីខាងមុខ ខណៈពិភពលោកទាំងមូលក៏អាចទទួលបាននូវសន្តិភាពនិងស្កេរភាពសេដ្ឋកិច្ចត្រលប់មកវិញដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: