អន្តរជាតិ

យុវតីចិនវ័យ ១៧ឆ្នាំម្នាក់ ប្រើល្បិចនាំមិត្តប្រុសអាយុ ១៩ឆ្នាំមកលេងថៃ ហើយក៏យកគាត់ទៅលក់ឱ្យគេនៅមីយ៉ាន់ម៉ាក្នុងតម្លៃជិត ១៤,០០០ដុល្លារ

BY
Pheakdey
August 21, 2025

ចិន៖ យុវតីស្រស់ស្អាតអាយុ​ត្រឹម ១៧ឆ្នាំម្នាក់ បានប្រើល្បិចនាំមិត្តប្រុសមកលេងប្រទេសថៃ ហើយបន្ទាប់មកនាងក៏បាននាំយកមិត្តប្រុសនោះទៅលក់ឱ្យគេនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងតម្លៃ ១០០,០០០ យ័ន (១៣,៩៣៥ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz។ បុរសជាជនរងគ្រោះត្រូវបានគេឱ្យដឹងត្រឹមថាមានអាយុ ១៩ឆ្នាំ ខណៈគូស្នេហ៍ទាំង ២នាក់នេះ បានជួបគ្នានិងស្គាល់គ្នានៅក្នុងប្រទេសចិនអស់រយៈពេល ១ឆ្នាំមកហើយ។

បើតាមសំដីប្អូនស្រីរបស់យុវជនរងគ្រោះបានឱ្យដឹងថា យុវតីវ័យ ១៧ឆ្នាំខាងលើនេះគឺជាមនុស្សចូលចិត្តស្លៀកពាក់ស៊ិចស៊ី និងប្រើរបស់ទំនើបៗ ហើយរូបនាងក៏ធ្លាប់បាននិយាយថា មានឪពុកម្តាយជាអ្នកជំនួញនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ចំពោះបុរសជាជនរងគ្រោះវិញគឺជាមនុស្សស្លូតត្រង់ ងាយជឿពាក្យលួងលោមផ្អែមល្ហែម ហើយរូបគាត់មានចិត្តស្រលាញ់ស្រ្តីជាសង្សាយ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា កាលពីខែកុម្ភៈកន្លងទៅនេះ គូស្នេហ៍ទាំង ២បានទៅលេងប្រទេសថៃ ខណៈបុរសជាជនរងគ្រោះមិនបានប្រាប់ក្រុមគ្រួសារឱ្យដឹងពីដំណើរកម្សាន្តនេះទេ។ ក្រោយពេលទៅដល់ប្រទេថៃ យុវតីដែលជាជនខិលខូចបាននាំបុរសរងគ្រោះទៅដល់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា និងបានលក់បុរសរងគ្រោះឱ្យទៅក្រុមឧក្រិដ្ឋជនឆបោកតាម Online តាមផែនការដែលនាងបានរៀបចំទុក។

យ៉ាងណាក្តី បន្ទាប់ពីដើរលេងនៅក្នុងប្រទេសថៃអស់រយៈពេល ១០ថ្ងៃ ស្រ្តីជាជនខិលខូចត្រូវបានអាជ្ញាធរចិនឃាត់ខ្លួន ពេលធ្វើដំណើរទៅដល់ប្រទេសចិនវិញភ្លាម។ ដោយឡែកបុរសរងគ្រោះត្រូវបានគេចាប់យកទៅបង្ខំឱ្យធ្វើការងារបោកប្រាស់តាមអនឡាញ ក្នុងរយៈពេល ១៦-២០ម៉ោងក្នុងថ្ងៃ ហើយគេបានធ្វើទារណ្ឌកម្មលើរូបគាត់ជាប្រចាំ រហូតធ្វើឱ្យគាត់ក្លាយជាមនុស្សថ្លង់ទៀតផង។ នៅពេលជនរងគ្រោះអស់តម្លៃក្នុងការប្រើប្រាស់ហើយ ក្រុមឧក្រិដ្ឋជនក៏បានទាក់ទងមកខាងគ្រួសារគាត់នៅក្នុងប្រទេសចិនឱ្យយកប្រាក់ចំនួន ៣៥០,០០០យ័ន(៤៨,៧៧២ដុល្លារ) ទៅលួសយកគាត់មកវិញ។ សូមបញ្ជាក់ជូនថា បុរសជាជនរងគ្រោះបានចំណាយពេលប្រមាណជា ៤ខែនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគាត់បានទៅដល់ប្រទេសកំណើតវិញកាលពីអំឡុងខែមិថុនា ខណៈព័ត៌មានលម្អិតរបស់គាត់ទើបត្រូវបានគេយកមកធ្វើការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

 

Share This Post: