ទីក្រុងមួយរបស់ជប៉ុន គ្រោងកំណត់មិនឱ្យពលរដ្ឋប្រើទូរស័ព្ទជាការកម្សាន្តលើសពីរយៈពេល ២ម៉ោងក្នុងមួយថ្ងៃ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ
- BY
- Pheakdey
- August 24, 2025
ជប៉ុន៖ ទីក្រុង Toyoake របស់ប្រទេសជប៉ុន គ្រោងជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ទូរស័ព្ទសម្រាប់ជាការកម្សាន្តមិនលើសពីរយៈពេល ២ម៉ោងក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គម្រោងខាងលើនេះត្រូវបានផ្តួចផ្តើមធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយទប់ស្កាត់ពួកគេមិនឱ្យមានជំងឺញៀននឹងទូរស័ព្ទផងដែរ។
បើតាមលោក Masafumi Koki ដែលជាអភិបាលក្រុង Toyoake បានលើកឡើងថា ការសម្លឹងមើលអេក្រង់ទូរស័ព្ទយូរខ្លាំងពេល គឺវានឹងបណ្តាលឱ្យកើតមានបញ្ហាសុខភាពជាច្រើនដូចជា គេងមិនលក់ ស្ត្រេស មានបញ្ហាផ្លូវចិត្ត បញ្ហាភ្នែកស្ងួត និងបញ្ហាសុខភាពរាងកាយទូទៅមួយចំនួនផងដែរ។ យ៉ាងណាក្តី អភិបាលក្រុងរូបនេះបានបញ្ជាក់ថា គម្រោងកំណត់រយៈពេលប្រើប្រាស់ទូរស័ព្ទខាងលើនេះមិនមែនជាច្បាប់ដែលមានការពិន័យធ្ងន់ធ្ងរនោះទេ តែវាគឺយន្តការលើកទឹកចិត្តឱ្យពលរដ្ឋកាត់បន្ថយរយៈពេលនៃការប្រើប្រាស់ទូរស័ព្ទបន្ទាប់ពីពួកគេបញ្ចប់ការងារ ឬការសិក្សាជាដើម។ យន្តការនេះអាចនឹងអនុវត្តក្នុងទម្រង់ជាការកំណត់ពេលនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋតាមស្ថានភាពរស់នៅជាក់ស្តែងរបស់ពួកគេម្នាក់ៗ ឧទាហរណ៍ដូចជាក្មេងនៅកម្រិតបឋមសិក្សានឹងត្រូវកំណត់មិនឱ្យប្រើទូរស័ព្ទក្រោយម៉ោង ៩យប់ ហើយសិស្សនៅកម្រិតអនុវិទ្យាល័យនឹងត្រូវកំណត់មិនឱ្យប្រើទូរស័ព្ទក្រោយម៉ោង ១០យប់ជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






