អន្តរជាតិ

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាបញ្ចុះពន្ធនាំចូលរថយន្តពីជប៉ុនមកសល់ត្រឹម ១៥%

BY
Pheakdey
September 5, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលអនុញ្ញាតឱ្យមានការកាត់បន្ថយពន្ធនាំចូលរថយន្តនិងផលិតផលមួយចំនួនទៀតពីប្រទេសជប៉ុនមកសល់ត្រឹមអត្រា ១៥%ប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៥ ខែកញ្ញា។ ការអនុវត្តពន្ធនាំចូលរថយន្តក្នុងអត្រា ១៥% នេះ នឹងត្រូវអនុវត្តក្នុងរយៈពេល ៧ថ្ងៃបន្ទាប់ពីថ្ងៃចុះហត្ថលេខាខាងលើនេះ។

គួររម្លឹកជូនថា​ នាពេលកន្លងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ធ្លាប់កំណត់អត្រាពន្ធនាំចូលរថយន្តពីប្រទេសជប៉ុនក្នុងអត្រារហូតដល់ ២៧,៥% ហើយអត្រាពន្ធដ៏ខ្ពស់នេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុនយ៉ាងខ្លាំង។ ជាក់ស្តែងរបាយការណ៍មួយបានបង្ហាញថា កាលពីខែមុនក្រុមហ៊ុនផលិតរថយន្ត Toyota របស់ជប៉ុនបានខាតបង់ប្រាក់អស់ចំនួន ១០ពាន់លានដុល្លារ ដោយច្បាប់ដំឡើងពន្ធគយរបស់អាមេរិក។ គួរកត់សម្គាល់ថា ការសម្រេចបន្ថយពន្ធនាំចូលលើរថយន្តជប៉ុនពីសំណាក់សហរដ្ឋអាមេរិកនៅពេលនេះ បានកើតឡើងក្រោយរដ្ឋាភិបាលជប៉ុនបានយល់ព្រមធ្វើការវិនិយោគនៅសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់រហូតដល់ ៥៥០ពាន់លានដុល្លារ លើគម្រោងផ្សេងៗជាច្រើន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: