អន្តរជាតិ

អាមេរិកពន្យាពេលបិទបណ្តាញសង្គម TikTok ជាថ្មីម្តងទៀត ដែលជាការពន្យាពេលលើកទី៤

BY
Pheakdey
September 15, 2025

អាមេរិក៖ រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងពន្យាពេលនៃការបិទបណ្តាញសង្គម TikTok ជាថ្មីម្តងទៀត ដែលការពន្យាពេលនេះគឺជាលើកទី៤ ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៥ ខែ កញ្ញា។ យោងទៅតាមសេចក្តីសម្រេចនាពេលកន្លងមក គឺក្រុមហ៊ុន ByteDance ត្រូវសម្រេចចិត្តលក់បណ្តាញសង្គម TikTok ឬទុកឱ្យអាជ្ញាធរអាមេរិកបិទបណ្តាញសង្គមមួយនេះត្រឹមថ្ងៃទី១៧ ខែកញ្ញា។

យ៉ាងណាក្តី រដ្ឋបាលអាមេរិកនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការអនុវត្តច្បាប់បិទបណ្តាញសង្គម TikTok ថ្មីនៅឡើយទេ ដោយរដ្ឋបាលអាមេរិកបានឱ្យដឹងត្រឹមថា ការសម្រចពន្យាពេលជាថ្មីម្តងទៀតគឺដើម្បីទុកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់ឱ្យក្រុម ByteDance និងអាជ្ញាធរអាមេរិកធ្វើការចរចារនិងស្វែងរកដំណោះស្រាយសមស្របមួយ។ សូមបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាស់រវាងក្រុមហ៊ុន ByteDance និងអាជ្ញាធរអាមេរិក បានកើតឡើងតាំងតែពីអាណត្តិដឹកនាំរបស់លោក ចូ បៃឌិន ម្លេះ ដោយអាជ្ញាធរអាមេរិកបានចោទប្រកាន់ថា TikTok គឺជាបណ្តាញចារកម្មរបស់រដ្ឋបាភិបាលចិន ដែលតែងលួចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅអាមេរិកផ្តល់ឱ្យរដ្ឋាភិបាលចិនដោយសម្ងាត់ ហើយប្រសិនបើ TikTok ចង់បន្តដំណើរការនៅអាមេរិក គឺក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនខ្លះឱ្យភាគីអាមេរិកគ្រប់គ្រង ហើយបើមិនដូចនោះទេអាមេរិកនឹងបិទបណ្តាញសង្គមមួយនេះមិនឱ្យដំណើរនៅលើទឹកដីអាមេរិកតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

 

Share This Post: