លោក ដូណាល់ ត្រាំ ព្រមានប្រកាសដាក់ទីក្រុងវ៉ាស៊ីនតោនក្នុងភាពមានអាសន្ន បើប៉ូលិសក្រុងមិនសហការជាមួយភ្នាក់ងារបង្រ្កាបជនអន្តោប្រវេសន៍
- BY
- Pheakdey
- September 15, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានប្រកាសដាក់ទីក្រុងវ៉ាស៊ីនតោនក្នុងភាពមានអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៥ ខែកញ្ញា។ ការព្រមាននេះត្រូវបានធ្វើឡើងក្រោយអភិបាលក្រុងវ៉ាស៊ីនតោន គឺលោកស្រី Muriel Elizabeth Bowser បានប្រកាសថា ប៉ូលិសក្រុងវ៉ាស៊ីនតោននឹងមិនសហការជាមួយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយនោះទេ។

សូមបញ្ជាក់ជូនថា ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (Immigration and Customs Enforcement) ឬកាត់ថា ភ្នាក់ងារ ICE បានកំពុងតែបំពេញបេសកកម្មរបស់ខ្លួនយ៉ាងតឹងរឹងបំផុតនៅតាមបណ្តារដ្ឋនិងក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក ដោយក្រុមភ្នាក់ងារពិសេសនេះបានចុះទៅតាមទីសារធារណៈឬផ្ទះរបស់ប្រជាពលរដ្ឋ ហើយសម្រេចឆែកមើលប័ណ្ណស្នាក់នៅស្របច្បាប់ចំពោះពលរដ្ឋណាដែលស្ថិតនៅក្នុងការសង្ស័យតែម្តង។ ក្នុងករណីដែលភ្នាក់ងារ ICE រកឃើញថា ពលរដ្ឋណាគ្មានប័ណ្ណស្នាក់នៅអាមេរិកដោយស្របច្បាប់នោះទេ ឬអាចហៅថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ គឺភ្នាក់ងារនឹងឃាត់ខ្លួនពលរដ្ឋទាំងនោះភ្លាមៗតែម្តង ដើម្បីបញ្ជូនពួកគេទៅកាន់ប្រទេសកំណើតវិញ។
ក្នុងការអនុវត្តបេសកកម្មដ៏តឹងរឹងខាងលើនេះ ភ្នាក់ងារ ICE ក៏បានរងនូវការរិះគន់ពីសំណាក់មហាជនមួយចំនួនផងដែរ ដ្បិតសកម្មភាពរបស់ភ្នាក់ងារហាក់ដូចជាមានលក្ខណៈផ្តាច់ការ និងអមនុស្សធម៌ខ្លាំងពេក។ ព្រោះហេតុផលនេះហើយ ទើបលោកស្រី Muriel Elizabeth Bowser អភិបាលក្រុងវ៉ាស៊ីនតោនមិនចង់ឱ្យមន្ត្រីប៉ូលិសក្នុងទីក្រុងសហការជាមួយភ្នាក់ងារ ICE នោះទេ។ ឆ្លើយតបនឹងការប្រកាសរបស់អភិបាលក្រុងរូបនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមខ្លាំងៗនៅតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា បើប៉ូលិសក្រុងវ៉ាស៊ីនតោនមិនព្រមសហការជាមួយភ្នាក់ងារ ICE នោះទេ គឺលោកនឹងប្រកាសដាក់ទីក្រុងក្នុងភាពមានអាសន្ន ដើម្បីអនុវត្តច្បាប់អាជ្ញាសឹកតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






