ជំនន់ទឹកភ្លៀងនិងការបាក់ដីនៅម៉ាឡេស៊ី បណ្តាលឱ្យមនុស្សចំនួន ១២នាក់បាត់បង់ជីវិត
- BY
- Pheakdey
- September 17, 2025
ម៉ាឡេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនិងការបាក់ដីនៅម៉ាឡេស៊ីបានកើតឡើងដល់ ១២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមយប់ថ្ងៃទី១៦ ខែកញ្ញា។ ទីតាំងជាកន្លែងកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺរដ្ឋ Sabah ដែលស្ថិតនៅប៉ែកខាងជើង នៃប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ជូនថា គ្រោះធម្មជាតិខាងលើនេះបានផ្តើមកើតមានជាច្រើនថ្ងៃមកហើយ ដោយវាបានបង្កឡើងសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Kajiki។ នៅចំពោះមុខស្ថានភាពអាសន្ននេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានសម្រេចអនុម័តកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន ១០លានរីងហ្គីត (២,៣៨លានដុល្លារ) សម្រាប់យកទៅប្រើប្រាស់ក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះដែលបានរងផលប៉ះពាល់ក្នុងរូបភាពផ្សេងៗគ្នា ដូចជាអ្នកដែលត្រូវជម្លៀសខ្លួន អ្នករងរបួស និងក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






