ក្រុមហ៊ុន Japan Airlines សម្រេចកាត់បន្ថយប្រាក់ខែនាយកប្រតិបត្តិ ៣៧រូប ក្រោយរកឃើញកណី អ្នកបើកយន្តហោះផឹកស្រាច្រើនលើសកម្រិត
- BY
- Pheakdey
- September 17, 2025
ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានជូនដំណឹងជាសាធារណៈថា នឹងកាត់ប្រាក់ខែនាយកប្រតិបត្តិនិងបុគ្គលិកជាន់ខ្ពស់ចំនួន ៣៧នាក់ ក្រោយកើតមានករណី អ្នកបើកបរយន្តហោះទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិតមុនពេញចូលទៅបំពេញការងារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែកញ្ញា។ នៅក្នុងចំណោមនាយកប្រតិបត្តិនិងបុគ្គលិកជាន់ខ្ពស់ ដែលត្រូវរងនូវការពិន័យកាត់ប្រាក់ខែទាំង ៣៧នាក់ ក៏រួមមានទាំងប្រធាន និងសមាជិកក្រុមប្រឹក្សារបស់ក្រុមហ៊ុនផងដែរ។

ប្រភពខាងលើបានបន្តថា ការកាត់បន្ថយប្រាក់ខែចំពោះនាយកប្រតិបត្តិនិងបុគ្គលិកជាន់ខ្ពស់ខាងលើនេះនឹងត្រូវធ្វើឡើងក្នុងកម្រិតផ្សេងៗគ្នា ដូចជាប្រាក់ខែរបស់អគ្គនាយកនឹងត្រូវកាត់បន្ថយចំនួន ៣០%ក្នុងរយៈពេល ២ខែ ប្រាក់ខែរបស់នាយកប្រតិបត្តិទទួលបន្ទុកត្រួតពិនិត្យសុវត្ថិភាពម្នាក់ និងនាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការហោះហើរម្នាក់នឹងត្រូវកាត់បន្ថយចំនួន ២០% ក្នុងរយៈពេល ១ខែ ខណៈនាយកប្រតិបត្តិនិងបុគ្គលិកជាន់ខ្ពស់ផ្សេងទៀតនឹងត្រូវកាត់បន្ថយចំនួន ១០%។ សូមរម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីសប្តាហ៍មុន ដោយមានអ្នកបើកបរយន្តហោះសម្រាប់ជើងហោះហើរអន្តរជាតិមួយចំនួនត្រូវបានរកឃើញថា បាននាំគ្នាផឹកស្រាច្រើនលើសកម្រិត ហើយសកម្មភាពបំពានទៅនឹងច្បាប់ការងារក៏បាននាំឱ្យជើងហោះមួយចំនួនត្រូវពន្យាពេលអស់ ២០ម៉ោងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






