អន្តរជាតិ

បុរសតៃវ៉ាន់ម្នាក់បើកក្លុបរថយន្តទំនើប Mercedes-Benz សុំមិត្តស្រីរៀបការ តែត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗ ក្រោយប្រទះឃើញមានសារធាតុខុសច្បាប់ក្នុងរថយន្ត

BY
Pheakdey
September 18, 2025

តៃវ៉ាន់៖ បុរសម្នាក់បានរៀបចំគម្រោងសុំមិត្តស្រីរៀបការគួរឱ្យភ្ញាក់ផ្អើលបំផុត ដោយគាត់បានបង្ហាញផ្ទាំងដែលមានពាក្យ “Marry Me” (រៀបការជាមួយបង) នៅក្នុងក្លុបរថយន្ត Mercedes-Benz ដ៏ទំនើបមួយគ្រឿង តែនៅទីបំផុតគាត់ក៏ត្រូវប៉ូលិសចាប់ខ្លួន ដ្បិតប៉ូលិសបានរកឃើញគ្រឿងញៀននៅក្នុងរថយន្តមួយគ្រឿងនោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងតាំងពីអំឡុងខែមិថុនាម្លេះ តែករណីនេះទើបផ្ទុះល្បីៗនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។

ប្រភពខាងលើបានបន្តថា បុរសដែលត្រូវបានប៉ូលិសចាប់ខ្លួនក្នុងថ្ងៃសុំមិត្តរៀបការរូបនេះមានឈ្មោះថា Huang អាយុ ២៩ឆ្នាំ ជាពលរដ្ឋតៃវ៉ាន់ ខណៈហេតុការណ៍ជាក់ស្តែងបានកើតឡើងនៅលើដងផ្លូវដ៏មមាញឹកមួយនៅលើកោះតៃវ៉ាន់។ ដើម្បីហេតុដែលនាំឱ្យមានការឃាត់ខ្លួនលោក Huang គឺដោយសារតែគាត់បានចតរថយន្តដោយខុសច្បាប់ ក្នុងពេលដែលគាត់កំពុងធ្វើសកម្មភាពសុំមិត្តស្រីរៀបការនោះ។ ក្រោយប្រទះឃើញមានរថយន្តចតដោយគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ គឺដំបូងឡើយក្រុមប៉ូលិសបានទៅណែនាំឱ្យលោក Huang ចតរថយន្តឱ្យបានត្រឹមត្រូវតាមគំនូសចររាចរណ៍ តែគាត់មិនព្រមធ្វើតាមភ្លាមៗនោះទេ ទើបធ្វើឱ្យប៉ូលិសត្រូវអនុវត្តទៅតាមច្បាប់ ដោយមានទាំងការត្រួតពិនិត្យមើលរថយន្តផងដែរ ហើយក្នុងពេលត្រួតពិនិត្យនោះប៉ូលិសក៏បានរកឃើញមានកញ្ចប់គ្រឿងញៀនប្រភេទខេតាមីនតែម្តង។ ផ្អែកទៅតាមភស្តុតាងជាក់ស្តែង និងការពិនិត្យទឹកនោម លោក Huang ត្រូវបានឃាត់ខ្លួនពីបទបានរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: