របាយការណ៍មួយបង្ហាញថា ចិនមានកម្លាំងពលកម្មមនុស្សយន្តច្រើនជាងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោកបូកបញ្ជូលគ្នាទៅទៀត
ចិន៖ របាយការណ៍មួយបានបង្ហាញថា ប្រទេសចិនកំពុងបង្កើតនិងដំឡើងរោងចក្រមនុស្សយន្ត (Factory Robot) ច្រើនជាងប្រទេសណាៗទាំងអស់នៅទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៦ ខែកញ្ញា។ សូមបញ្ជាក់ជូនថា រោងចក្រមនុស្សយន្ត (Factory Robot) ខាងលើនេះគឺសំដៅដល់ប្រភេទរោងចក្រ ដែលមានប្រតិបត្តិការភាគច្រើនធ្វើឡើងដោយមនុស្សយន្ត ឬម៉ាស៊ីនស្វ័យប្រវត្តិជំនួយឱ្យកម្លាំងពលកម្មមនុស្ស។

យោងតាមរបាយការណ៍មួយរបស់អង្គការ International Federation of Robotics ដែលទើបបានចុះផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ នៅប្រទេសចិនទាំងមូលមានការប្រើប្រាស់មនុស្សយន្ត ឬម៉ាស៊ីនស្វ័យប្រវត្តិនៅតាមរោងចក្រជាង ២លានគ្រឿងរួចទៅហើយ ខណៈចិនក៏មានគម្រោងបង្កើនការប្រើប្រាស់មនុស្សយន្ត ឬម៉ាស៊ីនស្វ័យប្រវត្តិជំនាន់ថ្មីជាច្រើនគ្រឿងបន្ថែមទៀងផងដែរក្នុងឆ្នាំនេះ និងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។ ប្រភពខាងលើបានបន្តថា ជាមួយនឹងតួលេខនៃការប្រើប្រាស់មនុស្សយន្ត ឬម៉ាស៊ីនស្វ័យប្រវត្តិជាង ២លានគ្រឿងខាងលើនេះ បានធ្វើឱ្យចិនក្លាយជាប្រទេស ដែលមានការប្រើប្រាស់មនុស្សយន្ត ឬម៉ាស៊ីនស្វ័យប្រវត្តិច្រើនជាងគេបំផុតនៅលើពិភពលោក និងច្រើនជាងបណ្តាលប្រទេសអស់នៅលើពិភពលោកបូកបញ្ចូលគ្នាទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time