អាជ្ញាធរវៀតណាមឃាត់ខ្លួនមនុស្ស ៤នាក់ជុំវិញករណី ចាក់សារធាតុគីមីចូលសាច់ក្របីដើម្បីកែច្នៃឱ្យក្លាយជាសាច់គោជប៉ុនប្រភេទ Wagyu
- BY
- Pheakdey
- October 16, 2025
វៀតណាម៖ ប៉ូលិសក្រុងហាណូយបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ជុំវិញករណីចាក់សារធាតុគីមីបញ្ចូលក្នុងសាច់ក្របីដើម្បីកែច្នៃសាច់នោះឱហតដូចសាច់គោជប៉ុនសម្រាប់ដាក់លក់ក្នុងតម្លៃខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៦ ខែតុលា។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះរួមមាន ឈ្មោះ Nguyen Thi Phuong Thao ជាប្រធានក្រុមហ៊ុន Hida Food JSC និង ៣នាក់ទៀតជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន មានឈ្មោះ Nguyen Thi Thuy Hoa ឈ្មោះ Nguyen Thi Dung និងឈ្មោះ Tran Hoang Phuoc។

ប្រភពខាងលើបានបន្តថា នៅក្នុងវិធីកែច្នៃសាច់គោក្លែងក្លាយខាងលើនេះគឺក្រុមជនសង្ស័យបានបញ្ជាទិញសាច់ក្របីមកពីប្រទេសឥណ្ឌាក្នុងតម្លៃ ១២០,០០០ដុង (៤,៦ដុល្លារ) ហើយបន្ទាប់មកពួកគេបានចាក់បញ្ចូលសារធាតុគីមីចូលទៅក្នុងសាច់ដើម្បីឱ្យសាច់មានខ្លាញ់ហើយមើលទៅដូចជាសាច់គោប្រភេទ Wagyu ។ គួរកត់សម្គាល់ថា សាច់គោ Wagyu ដែលជាប្រភេទសាច់មានគុណភាពនិងរសជាតិលំដាប់ខ្ពស់របស់ប្រទេសជប៉ុនត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ៤០០,០០០-៦០០,០០០ដុង (១៥-២៣ដុល្លារ)ក្នុងមួយគីឡូក្រាមសម្រាប់ទីផ្សារក្នុងប្រទេសវៀតណាម។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបផលិតផលក្លែងក្លាយខាងលើនេះអាជ្ញាធរវៀតណាមក៏បានរឹបអូសសាច់ក្របីនិងសាច់គោក្លែងក្លាយបានចំនួន ៦៥តោន សារធាតុគីមីសម្រាប់ចាក់ធ្វើជាខ្លាញ់គោចំនួន ១៧តោន និងម៉ាស៊ីនសម្រាប់កែច្នៃសាច់មួយគ្រឿងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






