អន្តរជាតិ

ចិនតម្រូវឱ្យក្រុម Influencer ត្រូវបង្ហាញសញ្ញាបត្រឬអាជ្ញាប័ណ្ណវិជ្ជាជីវៈទាក់ទងនឹងប្រធានបទ ដែលពួកគេធ្វើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម

BY
Pheakdey
October 30, 2025

ចិន៖ ប្រទេសចិនបានអនុវត្តច្បាប់ដ៏តឹងរឹងមួយចំពោះក្រុម Influencer (បុគ្គលល្បីៗនៅលើបណ្តាញសង្គម)​ ដោយតម្រូវឱ្យពួកគេត្រូវតែបង្ហាញសញ្ញាបត្រ វិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណវិជ្ជាជីវៈទាក់ទងនឹងប្រធានបទ ដែលពួកគេធ្វើការផ្សព្វផ្សាយ។ បើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន Live Mint ច្បាប់ខាងលើនេះត្រូវបានផ្សព្វផ្សាយជាច្រើនខែមកហើយ​ និងទើបត្រូវដាក់អនុវត្តជាផ្លូវការកាលពីថ្ងៃទី២៥ កន្លងទៅនេះ។

បើតាមរដ្ឋបាលលំហអ៊ីនធឺណិតចិន (CAC) បានបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលត្រូវឱ្យ Influencer ត្រូវតែបង្ហាញសញ្ញាបត្រ វិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណវិជ្ជាជីវៈនៃជំនាញរបស់ពួកគេមុននឹងពួកគេធ្វើការផ្សព្វផ្សាយឬបង្កើតជាមាតិកាក្នុងទម្រង់ផ្សេងៗនោះមានដូចជា ប្រធានបទទាក់ទងនឹងការអប់រំ សុខភាព ច្បាប់ និងហិរញ្ញវត្ថុជាដើម។ ប្រភពខាងលើបានបន្តថា គោលបំណងនៃការអនុវត្តចាប់ខាងលើនេះគឺដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានមិនពិត ឬមិនត្រឹមត្រូវទៅក្នុងសង្គម ដ្បិតព័ត៌មានទាំងនោះអាចបង្កឱ្យមានការភ័ន្តច្រឡំ ឬគ្រោះថ្នាក់ផ្សេងៗជាច្រើនចំពោះក្រុមអ្នកប្រើប្រាស់បង្ហាញសង្គម ដែលខ្វះការពិចារណា៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Mint

Share This Post: