ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Amazon បញ្ជាក់ថា ការបឈ្ឈប់បុគ្គលិក ១៤,០០០នាក់​ មិនមែនដោយសារបញ្ហាហរិញ្ញវត្ថុ ឬបច្ចេកវិទ្យា AI នោះទេ តែដោយសារបញ្ហា “វប្បធម៌”

    BY Pheakdey October 31, 2025
    Amazon បញ្ជាក់ថា ការបឈ្ឈប់បុគ្គលិក ១៤,០០០នាក់​ មិនមែនដោយសារបញ្ហាហរិញ្ញវត្ថុ ឬបច្ចេកវិទ្យា AI នោះទេ តែដោយសារបញ្ហា “វប្បធម៌”

    អាមេរិក៖ សេចក្តីជូនដំណឹងអំពីការបញ្ឈប់បុគ្គលិករហូតដល់ ១៤,០០០នាក់របស់ក្រុមហ៊ុនយក្ស Amazon បានកំពុងបង្កឱ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មាន និងសាធារណជនទូទៅនៅជុំវិញពិភពលោក ដ្បិតពួកគេចង់ដឹងពីមូលហេតុជាក់លាក់នៃការកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះ។ ជាទូទៅគេបានគិតថា បញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការប្រើប្រាស់បច្ចេកវិទ្យា AI ជំនួសកម្លាំងពលកម្មមនុស្សអាចជាហេតុផលចម្បងនៅពីក្រោយការបញ្ឈប់បុគ្គលិកជាង ១ម៉ឺននាក់នេះ។

    យ៉ាងណាក្តី នៅក្នុងថ្ងៃទី៣១ ខែតុលានេះ លោក Andy Jassy ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុម Amazon បានចេញមកស្រាយថា បញ្ហាហិរញ្ញវត្ថុនិងការប្រើប្រាស់បច្ចេកវិទ្យា AI មិនមែនជាហេតុផលឡើយ ខណៈហេតុផលសំខាន់នៃការសម្រេចបញ្ឈប់បុគ្គលិកនោះគឺដោយសារតែបញ្ហា “វប្បធម៌”។ នាយកប្រតិបត្តិរូបនេះបានបន្តពន្យល់ថា បញ្ហាវប្បធម៌នៅពេលនេះគឺចង់សំដៅដល់ របៀបធ្វើការងារជារួមរបស់ក្រុមហ៊ុនពីថ្នាក់លើដល់ថ្នាក់ក្រោម។

    លោក Andy Jassy បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះក្រុមហ៊ុនជ្រើសរើសបុគ្គលិកបន្ថែមជាច្រើន ដែលធ្វើឱ្យប្រតិបត្តិការនៅក្នុងក្រុមហ៊ុនត្រូវទាមទារឱ្យមានការឆ្លងកាត់ជាច្រើនដំណាក់កាល ឬច្រើនលំដាប់ថ្នាក់ ទើបអាចចេញជាលទ្ធផលសម្រេចមួយបាន។ ទម្រង់ប្រតិបត្តិការដ៏ស្មុកស្មាញនេះមិនបានជួយធ្វើឱ្យប្រតិបត្តិការរបស់ក្រុមហ៊ុនរីកចម្រើនអ្វីច្រើននោះទេ តែផ្ទុយទៅវិញវាបានធ្វើឱ្យក្រុមហ៊ុនត្រូវចុះខ្សោយ ដោយបុគ្គលិកមួយចំនួនក្លាយជាបាត់ម្ចាស់ការ ឬលែងមានភាពជាខ្លួនឯង។ លោក Andy Jassy បានបញ្ជាក់ផងដែរថា បើទោះជាមានបញ្ហាខាងលើនេះមែន តែប្រាក់ចំណូលរបស់ក្រុមហ៊ុននៅតែបន្តកើនឡើងប្រមាណជា ១៣% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយគិតត្រឹមពេលនេះប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងដល់រហូតដល់ ១៨០ពាន់លានដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post: