អន្តរជាតិ

អគាររោងចក្រមួយកន្លែងនៅកូរ៉េ បានដួលរលំហើយបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៦នាក់ផ្សេងទៀតកំពុងកប់ជាប់នៅក្រោមគំនរអគារ

BY
Pheakdey
November 7, 2025

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដួលរលំអគាររោងចក្រថាមពលមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ គិតត្រឹមពេលនេះក៏មានមនុស្សចំនួន ៦នាក់ផ្សេងទៀតកំពុងកប់ជាប់នៅក្រោមគំនរអគារ ដែលបានបាក់បែកផងដែរ។

ប្រភពខាងលើបានបន្តថា អគាររោងចក្រដែលបានដួលរលំនោះគឺជាអគាររោងចក្ររបស់ក្រុមហ៊ុន Korea East-West Power ដែលមានទីតាំងនៅក្នុងទីក្រុង Ulsan ហើយជនរងគ្រោះដែលបានស្លាប់និងកំពុងជាប់នៅក្រោមគំនរអគារទាំងអស់នោះគឺសុទ្ធតែជាកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានសាងសង់អគារនេះផ្ទាល់តែម្តង។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង គីម មីនសុក បានបញ្ជាឱ្យក្រសួងទាំងអស់ធ្វើការចល័តបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ ដោយផ្តល់អាទិភាពខ្ពស់បំផុតលើការជួយសង្គ្រោះអ្នកដែលកំពុងជាប់គាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: