អន្តរជាតិ

អាមេរិកលុបចោលជើងហោះហើរជាង ១,២០០ជើង ដោយសារគ្មានប្រាក់ខែបើកឱ្យបុគ្គលិកសហព័ន្ធ

BY
Pheakdey
November 8, 2025

សហរដ្ឋអាមេរិក៖ ជើងហោះហើរជាង​ ១,២០០ជើងនៅទូទាំងសហរដ្ឋអាមេរិកត្រូវបានលុបចោលកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ដោយសារតែរដ្ឋាភិបាលគ្មានប្រាក់ខែបើកឱ្យបុគ្គលិកសហព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែវិច្ឆិកា។ វិបត្តិជាប់គាំងថវិកា​ដែលកំពុងកើតមាននៅក្នុងសហរដ្ឋអាមេរិកនៅពេលនេះគឺបានកើតឡើងដោយសារតែ​សភាខុនហ្រ្គេស​នៅតែមិនទាន់អាចបោះឆ្នោតអនុម័តកញ្ចប់ថវិកាបាននៅឡើយទេ។

គួររម្លឹកជូនថា គិតត្រឹមពេលនេះគឺវាមានរយៈពេលជិត ៤០ថ្ងៃហើយ ដែលរដ្ឋាភិបាលអាមេរិកត្រូវស្ថិតនៅក្នុងស្ថានភាពបិទទ្វារ (Government Shutdown) ដ្បិតសមាជិកសភានៃគណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​កាន់អំណាច​នៅមិនទាន់និយាយ​មិនចុះសម្រុងគ្នាទាល់តែសោះទាក់ទង​នឹង​ច្បាប់ថវិកាជាតិ។ នៅចំពោះការបិទរដ្ឋាភិបាលជាបណ្តោះអាសន្ន​នេះ បានធ្វើឱ្យមន្រ្តី និងបុគ្គលិករដ្ឋសហព័ន្ធ​ជាង ១,៤លាននាក់ត្រូវធ្វើការងារដោយគ្មានប្រាក់ខែ ឬព្យួរពីការងារជាង ១ខែមកហើយ ហើយនេះក៏ជា​លើកទី១​ក្នុង​ប្រវត្តិសាស្រ្ត​ផងដែរ ដែលអាមេរិកត្រូវជួបវិបត្តិថវិកាក្នុងរយៈពេលដ៏​វែងដូចនេះ។ បើតាមលោក Sean Duffy រដ្ឋលេខាធិការក្រសួងដឹកជញ្ជូនអាមេរិកបានបញ្ជាក់ថា ជើងហោះហើរនឹងត្រូវកាត់បន្ថយបន្ថែមទៀតចន្លោះពី ​៤-១០% នៅសប្តាហ៍ក្រោយ ពោល​គឺ​ស្មើនឹងការលុបចោល​ការហោះហើរ​ចន្លោះពី ៣៥០០ -​៤០០០ជើង ក្នុង​មួយថ្ងៃៗ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: