អន្តរជាតិ

ឆេះកប៉ាល់ដឹកកុងតឺន័រមួយគ្រឿងនៅម៉ាឡេស៊ី បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ៣នាក់រងរបួស

BY
Pheakdey
November 8, 2025

ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង នៅក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗហើយ ហេតុការណ៍អកុសនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។

បើតាមលោក Mohamad Anuar Mohamad Amdzah មេបញ្ជាការប្រតិបត្តិការនៃនាយកដ្ឋានពន្លត់អគ្គីភ័យនិងជួយសង្គ្រោះម៉ាឡេស៊ីបានបញ្ជាក់ថា កប៉ាល់ដែលត្រូវបានភ្លើងឆេះនោះគឺជាកប៉ាល់ដឹកទំនិញ MSC Kyparissia ដែលបានចូលចតនៅកំពង់ផែ Tanjung Pelepas (PTP) ហើយភ្លើងបានចាប់ផ្តើមឆេះចេញពីផ្នែក​ខាងក្រោម​នៃ​ប្លុក​ទី ៥ របស់កប៉ាល់​ ខណៈដែលក្រុមបុគ្គលិកកំពុងតែរុះរើយកកុងតឺន័រចេញពីកប៉ាល់។ មេបញ្ជាការប្រតិបត្តិការរូបនេះបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺមានម្នាក់ជាជនជាតិម៉ាឡេស៊ី ម្នាក់ជាជនជាតិហ្វីលីពីន និងម្នាក់ទៀតជាជនជាតិអង់គ្លេស។ ដោយឡែកអ្នករងរបួសវិញគឺមានម្នាក់នាក់ជាជនជាតិម៉ាឡេស៊ី និង ២នាក់ផ្សេងទៀតជាជនជាតិហ្វីលីពីន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: