ក្រសួងអប់រំ នឹងរៀបចំការប្រកួតប្រជែងថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៥ លើ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតប្រជែងថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៥ លើ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា។

ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតប្រជែងថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៥ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្លែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ ប្រែក្លាយពីអ្នកលេង ហ្គេមទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់។
សូមបញ្ជាក់ថា “កម្មវិធីអប់រំបង្កើតហ្គេម” គឺជាកម្មវិធីអប់រំនវានុវត្តន៍បច្ចេកវិទ្យាបានអនុវត្តសាកល្បងកាលពីឆ្នាំ២០២៣ នៅតាមបណ្តាប្រទេសចំនួន ០៨រួមមាន៖ ប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអ្នកចូលរួមជាង ១៥៤.០០០ នាក់ជុំវិញពិភពលោក។
កម្មវិធីនេះបានផ្តល់ផលវិជ្ជមានច្រើនដល់សិស្សានុសិស្សតាមរយៈការសិក្សាផ្អែកលើគម្រោង ផ្តល់ឱ្យសិស្សបង្កើននូវបំណិនសំខាន់ចាំបាច់ក្នុង ការបង្កើតថ្មី ការត្រិះរិះពិចារណា ការស្វែងរកឬសគល់នៃបញ្ហា និងដំណោះស្រាយ ការសិក្សាបែបសកម្ម ដែលជាតម្រូវការចាំបាច់សម្រាប់បរិបទថ្មីនៃការអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រ ដោយបានលើកកម្ពស់ការចូល រួមរបស់សិស្សស្រីលើការអប់រំស្លែម បច្ចេកវិទ្យា និងសហគ្រិនភាពផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជ្រើសរើសក្រុមកុមារីចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ឆ្នាំ២០២៥ កម្មវិធីអប់រំបង្កើតហ្គេម ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា។
ចំពោះលក្ខខណ្ឌនៃការចូលរួមសិស្សស្រីដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ ត្រូវបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ០២នាក់ ទៅ ០៥នាក់ជាសិស្សានុសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការសិក្សាស្រាវជ្រាវមានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន មាតាបិតា ឬអ្នកអាណាព្យាបាល ឱ្យចូលរួមកម្មវិធីប្រកួត។
បើតាមក្រសួងអប់រំ ដំណើរការចូលរួមកម្មវិធីសិស្សានុសិស្សអាចធ្វើការស្វ័យសិក្សាអំពីកម្មវិធីអប់រំបង្កើតហ្គេម (វីដេអូមេរៀន) នៅសាលាឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតំណ៖ https:/link.moeys.gov.kh/gcclearningkh ជាភាសា ខ្មែរ និងអាចសិក្សាជាភាសាអង់គ្លេសបាននៅលើគេហទំព័រ Agora របស់អង្គការយូនីសេហ្វ តាមរយៈតំណ៖ https://link.moeys.gov.kh/gcconlinecourse។
ក្រសួងអប់រំ បានណែនាំដល់សិស្សានុសិស្សដែលមានបំណងចង់ចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ “កម្មវិធីអប់រំបង្កើតហ្គេម” សូម ដាក់ពាក្យស្នើសុំតាមរយៈតំណ៖ https://link.moeys.gov.kh/GameJam25 ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ០៥៖០០ល្ងាច៕




ប្រភព៖ ក្រសួងព័ត៌មាន