អន្តរជាតិ

តុលាការវៀតណាម កាត់ទោសមន្ត្រីមូលដ្ឋាន ២រូប ឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ ក្នុងសំណុំរឿងលេងល្បែងស៊ីសងមានតម្លៃជាទឹកប្រាក់សរុប ១០៦លានដុល្លារ

BY
Pheakdey
November 13, 2025

វៀតណាម៖ តុលាការវៀតណាមសម្រេចផ្តន្ទាទោសមន្ត្រីមូលដ្ឋានចំនួន ២រូបឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ នៅក្នុងសំណុំរឿងលេងល្បែងស៊ីសង ដែលមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ១០៦លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ នៅក្នុងសំណុំរឿងភ្នាល់ល្បែងស៊ីសងដែលមានតម្លៃជាទឹកប្រាក់ដ៏ច្រើនមហាសាលនេះក៏មានពាក់ព័ន្ធជាមួយ ក្រុមអ្នកជំនួញ អតីតមន្ត្រីវៀតណាម និងក្រុមអ្នកលេងល្បែងកម្សាន្តជាច្រើននាក់ផ្សេងទៀតផងដែរ ពោលគឺមានចំនួនសរុប ១៤០នាក់។

សូមបញ្ជាក់ជូនថា ការលែងល្បែងស៊ីសងក្នុងប្រទេសវៀតណាមគឺជារឿងខុសច្បាប់ ប៉ុន្តែអាជ្ញាធរវៀតណាមបានអនុញ្ញាតឱ្យមានការស៊ីណូស្របច្បាប់មួយនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Pullman ដោយកាស៊ីណូនេះអនុញ្ញាតឱ្យតែជនបរទេសចូលលេងកម្សាន្តតែប៉ុណ្ណោះ។ យ៉ាងណាក្តី មន្ត្រីមូលដ្ឋានវៀតណាម​ក្នុងសំណុំរឿងខាងលើ បានបន្លំប្រើប្រាស់កាតសមាជិកក្លែងក្លាយក្នុងនាមជាជនបរទេស ដើម្បីអាចចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូខាងលើនេះ។ ប្រភពខាងលើបានបន្តថា មន្ត្រីមូលដ្ឋានវៀតណាមទាំង ២រូបនោះ រួមមាន លោក Ho Dai Dung ដែលបានភ្នាល់ល្បែងចំនួន ៩៥ដៃ មានទឹកប្រាក់ភ្នាល់សរុបចំនួនជាង ៧លានដុល្លារ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំកន្លះ។ ដោយឡែក មន្ត្រីមូលដ្ឋានវៀតណាមម្នាក់ទៀតឈ្មោះ Ngo Ngoc Duc បានភ្នាល់ល្បែងក្នុងទំហំទឹកប្រាក់ ៤,២លានដុល្លារ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: