ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅសង្កាត់ព្រែកប្រា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៤គ្រឿង

    BY soknita November 17, 2025
    អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅសង្កាត់ព្រែកប្រា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៤គ្រឿង

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅសង្កាត់ព្រែកប្រា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៤គ្រឿង។

    តាមការបញ្ជាក់លម្អិតពី ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវ៣៦៩ ភូមិព្រែកល្ពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

    ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣៤គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៩ឡាន ស្មើនឹង ៧៦ម៉ែត្រគូប រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង០៣ម៉ែត្រគូប រថយន្តសាលាខណ្ឌច្បារអំពៅ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប រថយន្តបញ្ជាការអង្គរក្ស ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនឹង២៤ម៉ែត្រគូប រថយន្តកោះពេជ្រ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប រថយន្តបុរីប៉េងហួត ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ២៤ម៉ែត្រ ចរាចរណ៍ផ្លូវទឹក ចំនួន ២គ្រឿង បានប្រើប្រាស់ទឹក និងរថយន្តទីក្រុងកោះនរា ចំនួន ១គ្រឿង មិនបានប្រើប្រាស់ទឹក។

    ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ផ្ទះឈើប្រក់សង្ក័សី ទំហំ (៥ម៉ែត្រ x ១២ម៉ែត្រ) និងឆេះផ្ទះឈើប្រក់សង្ក័ ចំនួន១ខ្នង និងបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន៤ខ្នង រួមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៩និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែរ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

    ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

    Share This Post: