ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ ផ្តល់ឱកាសការងារជាងមួយម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ និង ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃនៅខេត្តបាត់ដំបង

    BY soknita November 17, 2025
    ក្រសួងការងារ ផ្តល់ឱកាសការងារជាងមួយម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ និង ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃនៅខេត្តបាត់ដំបង

    (ខេត្តបាត់ដំបង)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជី ផ្តល់ឱកាសការងារជាងមួយម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ និង ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃនៅខេត្តបាត់ដំបង។

    ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ឱកាសការងារ ជាងមួយម៉ឺនកន្លែង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង ។

    ចំពោះពិពណ៌ការងារនេះក្រៅពីផ្តល់ឱកាសការងារ ក៏មានផ្តល់ព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្ត បាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលមានអ្នកចូលរួមប្រមាណ ១៥០០នាក់ ។

    ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ឱ្យដឹងថា នេះជាពិព័រណ៍ការងារលើកទី៥៧៣ ហើយ ដែលក្រសួងការងាររៀបចំនៅតាមឃុំស្រុកទូទាំង ប្រទេស ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងពលករដែលទើបត្រឡប់មកពីប្រទេសថៃវិញ។

    ឯកឧត្តម ហេង សួរ ថ្លែងបន្តថាវេទិការការងារនៅខេត្តបាត់ដំបងមានភាពប្លែកជាងវេទិការរាល់ដង ដោយក្រសួងសហការជាមួយអាជ្ញាធរស្រុក ខេត្ត និងស ស យ ក បានដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ផ្តល់ភេសជ្ជៈ អាហារ អាវយឺត និងកាត់សក់ជូនទាំងស្រ្តី និងបុរសផងដែរ បន្ថែមពី លើការផ្តល់ឱកាសការងារជាងមួយម៉ឺនកន្លែង និងផ្តល់ព័ត៌មានពីអត្ថប្រយោជន៍ផ្សេងៗដូចជាប័ណ្ណប ស ស ជាដើម។ តាមគម្រោងក្រសួងការងារនឹងផ្តល់ឱកាសការងារជាង៧៥ ០០០កន្លែងតាមបណ្តាខេត្តនៅ ភាគពាយ័ព្យ បន្ថែមទៀត តាមរយៈការរៀបចំពិព័រណ៍ការងារ នៅក្នុងនោះនៅខេត្តបាត់ដំបងត្រូវធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ដោយរៀបចំនៅសាលាបឋមសិក្សាថ្មគោល និងនៅទីធ្លាសាធារណៈក្នុងឃុំគារ ស្រុកមោងឬស្សី។ សម្រាប់ខេត្តបន្ទាយមានជ័យពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ និងនៅខេត្តសៀមរាប ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

    ឯកឧត្តម ហេងសួរ បានឱ្យដឹងថាចាប់ពីខែកក្កដា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃបានស្វែងរកការងារ ធ្វើតាមរយៈ ក្រសួងការងារបាន ចំនួន ២៨ម៉ឺននាក់ ហើយ បើបូករួមទាំងការងារក្រៅប្រព័ន្ធបន្ថែមទៀត សរុបប្រមាណ ៤០ ទៅ ៤៥ម៉ឺននាក់ ក្នុងចំណោម អតីតពលករត្រឡប់មកពីប្រទេសថៃវិញជិត ៩០ម៉ឺននាក់។

    ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ក៏ដូចជាយុវជនដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការស្វែងរកការងារធ្វើ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: