មនុស្ស ១៨នាក់បានបាត់បង់ជីវិត និង ៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីនៅឥណ្ឌូណេស៊ី
- BY
- Pheakdey
- November 17, 2025
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែវិច្ឆិកា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងទីក្រុង Cilacap ដែលស្ថិតនៅភាគកណ្តាលនៃខេត្ត Java។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ដោយពួកគេអាចនៅកប់ជាប់ក្នុងដីជម្រៅប្រមាណជា ៣-៨ម៉ែត្រ។ បន្ថែមពីនេះទៀតក៏មានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវដួលរលំទាំងស្រុងផងដែរ។ គួរកត់សម្គាល់ថា កាលពីសប្តាហ៍មុន ហេតុការណ៍បាក់ដីដូចនេះក៏បានកើតឡើងក្នុងតំបន់ Banjarnegara នៃខេត្ត Java ម្តងដែរ ហើយពេលនោះបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ១៥នាក់ត្រូវបាត់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






