ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន បានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់

    BY soknita November 17, 2025
    ក្រសួងបរិស្ថាន បានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់

    នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។

    ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។

    អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ ០៦:០០នាទី ព្រឹក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់រវាងឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងជំហានដំបូង ក្រុមការងាររកឃើញទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅ ចំនួន២ទូរ។ សូមបញ្ជាក់ថាទូរនីមួយមួយៗ បានដឹកប្រេងចំណុះ ៦៦០០០លីត។

    ក្រុមការងារជំនាញ បាននិងកំពុងចុះពិនិត្យមើលទំហំ នៃការលេចធ្លាយ មានបរិមាណសំណល់ប្រេងអណ្តែតច្រើនលើទីវាលស្រែក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ។ សូមបញ្ជាក់ថាក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ៕

    ប្រភព៖ ក្រសួងបរិស្ថាន

    Share This Post: