ក្រសួងពាណិជ្ជកម្មនឹងរៀបចំ ពិព័រណ៍ទំនិញនាំចេញ-នាំចូលសំខាន់ៗ និង សេវាកម្ម នៅដើមខែធ្នូនេះ
ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និង សេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

CTExpo ធ្វើឡើដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTExpo)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំ ចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៧លើក។ ការ ផ្លាស់ប្តូរឈ្មោះពិព័រណ៍CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពី គោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្ត ទុកដាក់លើគុណភាពខ្ពស់ និងភាពសាមញ្ញ។
ជាមួយនឹងការបង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្ម នឹងផ្សារភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះជាមួយនឹងគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាពរស់រវើក បង្ហាញនូវលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការតាំងបង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវសោភ័ណភាពដល់ការតាំងបង្ហាញរបស់ អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។
ក្រសួងពាណិជ្ជកម្មមានសុទិដ្ឋិនិយម និងជឿជាក់ថា ពិព័រណ៍CTExpo នៅឆ្នាំ នេះនឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ដែលមិនត្រឹមតែសម្រាប់អ្នកទស្សនាដែលចូលរួម ក្នុងព្រឹត្តិការណ៍ជាច្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្តក្នុងការចូលរួមពិព័រណ៍នេះ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករជាច្រើនដែល មកពីជុំវិញពិភពលោក៕ ផ្សាយ៖ កន ចំណាន
