សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ ដែលនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ ដែលនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ។
អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដើម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ។
រតនវត្ថុសិល្បៈខ្មែរ រួមមាន៖ វាយនភណ្ឌសូត្រខ្មែរ ចំនួន ១៨៣ផ្ទាំង និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ព្រមទាំងសមុច្ច័យសំខាន់ៗ ដូចជា៖ វត្ថុធ្វើអំពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ៕




ប្រភព៖ ក្រសួងព័ត៌មាន