ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តួចផ្តើមចលនា «យើងរួមគ្នាដើម្បីជាតិ!» បំផុសខ្មែរទូទាំងប្រទេសដាំបន្លែជូនវីរកងទ័ព និងប្រជាជនភៀសសឹក

BY
soknita
December 17, 2025

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រកាសដាក់ចេញនូវគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងឈ្លាសវៃមួយ គឺចលនា «យើងរួមគ្នាដើម្បីជាតិ!» ក្នុងគោលបំណងកៀរគរស្មារតីជាតិ ឱ្យសមាជិកកាយឫទ្ធិនារី រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូប នាំគ្នាដាំបន្លែ និងដំណាំផ្សេងៗ ដើម្បីប្រមូលផលផ្គត់ផ្គង់ជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនដោយសារសង្គ្រាម។

This image has an empty alt attribute; its file name is FB_IMG_1765949934296.jpg

ការអញ្ជើញរៀបចំបំផុសស្មារតីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ក្នុងបរិបទដែលកងទ័ពកម្ពុជាកំពុងប្រយុទ្ធការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។ លោកជំទាវបណ្ឌិតបានអំពាវនាវដល់ខ្មែរទាំងអស់ ឱ្យចូលរួមជាកងទ័ពជួរក្រោយតាមរយៈសកម្មភាពកសិកម្ម ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ។

ថ្លែងក្នុងពិធីបំផុសស្មារតី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសាមគ្គីភាពជាតិ ដោយមានប្រសាសន៍ថា៖ “ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាពធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន” ។

លោកជំទាវបណ្ឌិតបានបន្តទៀតថា គំនិតនេះផ្តោតលើការអនុវត្តជាក់ស្តែង និងការចូលរួមរបស់យុវជន ដោយបញ្ជាក់ថា៖ “សូមដាំបន្លែណាដែលឆាប់បានទទួលផល គឺចាប់ផ្តើមពីតូច តែ លោកជំទាវ ចង់ឱ្យសិស្សសាលាមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ព” ។

ក្នុងនាមជាកងទ័ពជួរក្រោយ គំនិតផ្តួចផ្តើមនេះបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានា តាមគេហដ្ឋាន សាលារៀន វត្តអារាម និងសហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជាស្បៀងទៅដល់វីរកងទ័ពកំពុងការពារជាតិ និងប្រជាពលរដ្ឋដែលបានភៀសសឹកដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: