សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្តចែកអំណោយដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២២៦០០គ្រួសារ
- BY
- soknita
- December 18, 2025
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តចែកអំណោយដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២២៦០០គ្រួសារ។

នៅថ្ងៃទី ១៥ និង ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន៨០០០កញ្ចប់ទៀត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានបន្តផ្ដល់អោយប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដាជំរំភៀសសឹក ដោយថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ចែកដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ៣០០០គ្រួសារ និងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ បន្តចែកដល់ប្រជាពលរដ្ឋចំនួន ៥០០០គ្រួសារ។
គិតត្រឹមថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ អំណោយចំនួន ២២៦០០កញ្ចប់ ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន ២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា។
បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖
ក្នុងកញ្ចប់ថង់មាន ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, សាប៊ូដុំ, ប្រេងខ្យល់, ប្រេងកូឡា, អង្រឹង, អាវភ្លៀង, ពិល, កន្សែងធំ, ក្រមា, ធូបមូស, ថ្នាំពេទ្យ (៤មុខ), ទឹកដោះគោ (២កំប៉ុង), នំលីលី, កន្ទេល, ម៉ុង, ភួយ, សារ៉ុង, សំឡីអនាម័យ, សាប៊ូម្សៅ, ខោអាវឈុត។ ដាក់ខាងក្រៅមាន ទឹកស៊ីវអ៊ីវ, មី, ត្រីខ, តង់, ធុងទឹក។
ក្រៅពីអំណោយជាកញ្ចប់ខាងលើនេះ ក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ផ្ដល់ឱ្យតាមរយៈអាជ្ញាធរទុកបន្តចែកដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ តាមចំនួនពលរដ្ឋភៀសសឹកនៃខេត្តនីមួយៗ។
ក្នុងនោះរួមមាន កញ្ចប់អំណោយរបស់សម្ដេចតេជោ, ទឹកស៊ីអ៊ីវ,ត្រីខ, មី, តង់, ធុងទឹក, ទឹកសៀង, ទឹកម្ទេស, ត្រីងៀត, សាច់ក្រក, ឆៃពៅ, ខោទឹកនោមកូនក្មេង, ម្សៅទឹកដោះគោ, ដបទឹកដោះគោកូនក្មេង, ទឹកដោះគោជូរ, និងស្ករគ្រាប់។ ចំពោះសម្ភារៈសម្រាប់កងទ័ពរួមមាន អំបុក, ត្រីងៀត, សាច់ក្រក, ឆៃពៅ, នំUN,កាពិឆា, និងពងមាន់ស្ងោរ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






