ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ពី ផលប៉ះពាល់លើតំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពាន របស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ពីម៉ោង ៦ល្ងាច ថ្ងៃទី ១៩ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥

BY
soknita
December 20, 2025

(រាជធានីភ្ណំពេញ)៖ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ពី ផលប៉ះពាល់លើតំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពាន របស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ពីម៉ោង ៦ល្ងាច ថ្ងៃទី ១៩ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥។

តាមរតៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានដ៏ឆ្កួតលីលា និង ស្មោកគ្រោកបំផុតរបស់រដ្ឋាភិបាលក្រុងបាងកក និងពួកយោធាថៃ លើដែនអធិបតេយ្យកម្ពុជា ដោយមិនរើស គោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជន ភៀសសឹកទៅកាន់តំបន់សុវត្ថិភាពរៀបចំដោយអាជ្ញាធរមូលដ្ឋាន ទាំងនៅក្នុងខេត្តរងការឈ្លានពាន និង បណ្តាខេត្តផ្សេងៗទៀត។ គិតពីម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ នេះ ផលប៉ះពាល់មានដូចខាងក្រោម៖

១-ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានពលរដ្ឋស្លាប់ និងរបួសថ្មីទេ។

២-ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ មានជនភៀសសឹកសរុប ៥១២,០១០នាក់ ក្នុងនោះស្ត្រី ២៦៧,៤២៨នាក់ និងកុមារ១៦២.២៥៦នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។

៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ខូចខាតរថយន្ត១គ្រឿង និងស្ពានថ្ម១កន្លែង ដែលភ្ជាប់រវាងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ ដូច្នេះ ជាបឋម គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុប មាន ផ្ទះប្រជាពលរដ្ឋ៧៦ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារឯកជន៨ទីតាំង សណ្ឋាគារ៣ទីតាំង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម២កន្លែង ស្ពានដែក១ ស្ពានបុរាណ១កន្លែង ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន២៦គ្រឿង ឃ្លាំងរថយន្ត១ និងឃ្លាំងទិញ ដំឡូង១ទីតាំង ។ ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមយកឱកាសនេះសង្កត់ធ្ងន់ថា កម្ពុជា បានហែលឆ្លងកាត់ សោកនាដកម្មនៃភ្លើងសង្គ្រាមជាច្រើនឆ្នាំមកហើយ។ ពេលនេះ ប្រជាជនកម្ពុជាកន្លះលាននាក់ រួមទាំងស្ត្រី និង កុមារ កំពុងទទួលរងទុក្ខលំបាក ព្រោះតែការបង្ខំចិត្តចាកចោលផ្ទះសំបែង និងសាលារៀន ដើម្បីគេចពីគ្រាប់ កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់បែកពីយន្តហោះ F16 របស់ថៃ ដែលបានកំពុងបំផ្លាញផ្ទះសំបែង និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ។ ប្រជាពលរដ្ឋកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត ចំពោះ អំពើឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើយង់ឃ្នងផ្សេងៗបង្កឡើងដោយរដ្ឋាភិបាលក្រុងបាងកក និងយោធា ថៃ។ ទន្ទឹមនឹងការប្តូរផ្តាច់ប្រយុទ្ធការពារបូរណភាពទឹកដី ស្របតាមច្បាប់អន្តរជាតិ យើងសូមទទូចជាថ្មីទៀត។

ទៅកាន់សហគមន៍អន្តរជាតិ និងមជ្ឈដ្ឋានផ្ទៃក្នុងថៃ ដែលមានភាពស៊ីវិល័យ ថ្លៃថ្នូរ និងដឹងខុសត្រូវ រួមគ្នា ថ្កោលទោស និងមានចំណាត់ការវិជ្ជមានជាបន្ទាន់ ដើម្បីឱ្យតួអង្គក្នុងរដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ មាន សតិសម្បជញ្ញៈជាមនុស្ស បញ្ឈប់សង្គ្រាមឈ្លានពានកម្ពុជា ខិតខំរួមគ្នាអនុវត្តបទឈប់បាញ់ តាមកិច្ចព្រមព្រៀង ដែលមានសហរដ្ឋអាម៉េរិក ចិន និងម៉ាឡេស៊ី ជាអ្នកសម្របសម្រួល ជួយជ្រោមជ្រែង និងជាសាក្សី។

ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា មានមោទនភាព និងកត់ត្រាទុកនូវកម្លាំងមហាសាមគ្គីជាតិ កំពុងមានចលនាកាន់តែសកម្មរឹងមាំខ្ពស់ត្រដែត ដោយកូនខ្មែរគ្រប់រូប នៅគ្រប់ទីកន្លែងទូទាំងពិភពលោក បានវេញស្មារតីជាតិជាធ្លុងមួយ ប្រកៀកស្មាគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្រ្តការពារជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ មហាកម្លាំង សាមគ្គីនេះ បានផ្តល់ថាមពលដ៏មហិមាជូនដល់កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន នៃក្រសួងមហាផ្ទៃ ដែលកំពុងកៀកស្មាប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយ ម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅសមរភូមិ៕

ប្រភព៖ ក្រសួងមហាផ្ទៃ

Share This Post: