ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសន្ទនាគ្នាតាមទូរស័ព្ទ និងបានបញ្ជាក់ពីការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ
- BY
- soknita
- December 20, 2025
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសន្ទនាគ្នាតាមទូរស័ព្ទ និងបានបញ្ជាក់ពីការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ដោយនៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងលើកកម្ពស់ការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនអំពីការវិវឌ្ឍថ្មីៗ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុង ឡើងកម្ដៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់ និងវិធានការកាត់បន្ថយកម្ដៅ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលភាគីទាំងពីរបាន ព្រមព្រៀងគ្នា រួមទាំងការព្រមព្រៀងនៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិភាគទានដ៏សកម្ម និងតួនាទីស្ថាបនារបស់ចិន ក្នុងការ ជំរុញសន្តិភាព និងសន្ទនារវាងកម្ពុជា និងថៃ៕

ប្រភព៖ ក្រសួងការបរទេស
- Share This Post:






