ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃ ដែលបានកើនឡើងម្តងទៀត ចាប់តាំងពីខែធ្នូមក

    BY soknita December 23, 2025
    រដ្ឋាភិបាលជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃ ដែលបានកើនឡើងម្តងទៀត ចាប់តាំងពីខែធ្នូមក

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ចាប់តាំងពីខែធ្នូមក ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹក ជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។

    នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។

    សេចក្តីថ្លែងការណ៍ដដែល បានបន្តថា ក្នុងស្ថានភាពនេះ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ហើយសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានត្រូវបានចេញផ្សាយដោយជំរុញឱ្យប្រទេសទាំងពីរចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើអរិភាព និងវិលត្រឡប់ទៅរកការសន្ទនាវិញ។ ប្រទេសជប៉ុនសូមសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងស្វាគមន៍ចំពោះជំហានវិជ្ជមាន ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។

    ជប៉ុនក៏សម្តែងការគោរពយ៉ាងជ្រាលជ្រៅសារជាថ្មីម្តងទៀតចំពោះសហរដ្ឋអាម៉េរិក ដែលបានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាព ក្នុងនោះមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួរ។

    តាមអ្នកនាំពាក្យក្រសួងការបរទេសជប៉ុន រដ្ឋាភិបាលជប៉ុនតែងតែអំពាវនាវប្រទេសកម្ពុជានិងថៃនៅកម្រិតផ្សេងៗឱ្យមានការអត់ធ្មត់ជាអតិបរមា និងដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: