កម្ពុជាគាំទ្រកិច្ចប្រជុំ GBC នៅថ្ងៃទី ២៤ ខែធ្នូ ខាងមុខនេះ ដើម្បីពង្រឹងបទឈប់បាញ់
- BY
- soknita
- December 23, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ជាក់ថា ប្រទេសកម្ពុជាគាំទ្រកិច្ចប្រជុំ GBC នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ដើម្បីពង្រឹងបទឈប់បាញ់។ ប្រទេសកម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ស្អែកនេះ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ដែលជាសហប្រធាន GBC របស់ថៃ ដោយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនា និងស្វែងរកការដោះស្រោះជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ខណៈដែលភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃកាន់តែខ្លាំងឡើង។
សូមរម្លឹកថា សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន បានស្វាគមន៍ការពិភាក្សាស្តីពីការបន្តបទឈប់បាញ់ និងបញ្ឈប់នូវអរិភាពទាំងឡាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងក្តីសង្ឃឹមថាភាពតានតឹងនឹងត្រូវបានកាត់បន្ថយកាន់តែឆាប់។
ចំពោះខ្លឹមសារនៃកិច្ចពិភាក្សា កម្ពុជាបានស្នើឱ្យកិច្ចប្រជុំ GBC ផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមានការបញ្ឈប់ជាបន្ទាន់នូវអរិភាពគ្រប់ទម្រង់ ការគោរព និងការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្នុងក្របខ័ណ្ឌដូចគ្នា។
របៀបវារៈអាទិភាពមួយទៀតគឺការវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង របស់ជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការចាប់ផ្តើមអនុវត្តឡើងវិញជាបន្ទាន់ និងដោយពេញលេញ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងការធ្វើឱ្យសកម្មឡើងវិញជាបន្ទាន់នៃយន្តការដែលមានស្រាប់នៅក្នុងក្របខណ្ឌនេះ រួមទាំងការកំណត់ព្រំដែន និងកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






