ព័ត៌មានជាតិ

យោធាថៃនៅតែបន្តបាញ់ប្រហារ បើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមធ្វើឡើងហើយក៏ដោយ

BY
soknita
December 25, 2025

យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យោធាថៃនៅតែបន្តបាញ់ប្រហារ បើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមធ្វើឡើងហើយក៏ដោយ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា បើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូម្សិលមិញនេះក៏ដោយក៏ស្ថានការណ៍នៃការគម្រាមកំហែង និងសកម្មភាពរំលោភឈ្លានពានរបស់យោធាថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅតែកើតមាននៅឡើយ បើគិតមកដល់ម៉ោងនេះ ដែលនាំឱ្យប្រតិបត្តិការនៃការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជាបានឈានចូលដល់ថ្ងៃទី១៩ហើយ។

លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា យោធាថៃបាន និងកំពុងបន្តរំលោភទៅលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមកដល់ព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃបានបន្តបាញ់ផ្លោងចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងសន្ធាប់នៅក្នុងតំបន់ខ្លះ ខណៈតំបន់មួយចំនួនមានសភាពស្ងប់ស្ងាត់។ លោកជំទាវបានគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាកំពុងតស៊ូយ៉ាងស្វិតស្វាញ ដោយបានឆ្លើយតបជាមួយនឹងសត្រូវ ឈ្លានពាន និងបន្តការតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចនៅក្នុងការបំពេញតួនាទីដើម្បីការពារអធិបត្តេយ្យរបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះបានបង្ហាញនូវការសោកស្តាយចំពោះយោធាថៃ ដែលបានប្រើប្រាស់កម្លាំងរថក្រោះបាញ់បំបុកបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋកម្ពុជាដោយអមនុស្សធម៌ និងយ៉ាងឃោរឃៅ ដែលការណ៍នេះបានសបញ្ជាក់ថា យោធាថៃបានកំណត់ទាំងទីតាំងយោធា ទាំងទីតាំងជនស៊ីវិលរបស់កម្ពុជា។ វាជាការវាយប្រហារដោយមិនរើសមុខ ដែលផ្ទុយស្រឡះពីកម្ពុជាដោយបានកំណត់តែទៅលើទីតាំងយោធារបស់ថៃតែប៉ុណ្ណោះក្នុងការវាយបកដើម្បីការពារខ្លួន តែចំពោះយោធាថៃវិញគឺពុំដូច្នោះនោះទេ។

លោកជំទាវបានឱ្យដឹងថា រហូតមកដល់ពេលនេះមានពលរដ្ឋស៊ីវិលរបស់កម្ពុជាយ៉ាងហោចណាស់ចំនួន៣០នាក់ហើយបានបាត់បង់ជីវិត និងមានអ្នករងបួសចំនួន៨៧នាក់គិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: