ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជិត ១០០គីឡូក្រាម ចំនួន១ក្បាល ចូលទៅទន្លេធម្មជាតិវិញ
- BY
- soknita
- December 26, 2025
(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជិត ១០០គីឡូក្រាម ចំនួន១ក្បាល ចូលទៅទន្លេធម្មជាតិវិញ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលព័ត៌មានពីប្រជានេសាទ នេសាទបានត្រីរាជ ១ក្បាល ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ បើតាមក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ត្រីរាជដែលបានលែងទៅក្នុងធម្មជាតិវិញនេះ មានភេទញី ប្រវែង ២១៥សង់ទីម៉ែត្រ ទម្ងន់សរុប ៩៧គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ៥០០ ត្រូវអ្នកនេសាទចាប់បាននៅតាមដងទន្លេមេគង្គ ក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីកំណត់អត្តសញ្ញាណរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ៕






- Share This Post:






