ក្រសួងមហាផ្ទៃ៖ គិតត្រឹមថ្ងៃទី ២៧ ខែធ្នូនេះ ពលរដ្ឋស៊ីវិលកម្ពុជា បានបាត់បង់ជីវិត ៣១នាក់ និងរបួស ៩១នាក់ ដោយសារការឈ្លានពានរបស់ភាគីថៃ
- BY
- soknita
- December 27, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង ៦ល្ងាច ថ្ងៃទី ២៦ ខែធ្នូ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ពលរដ្ឋស៊ីវិលកម្ពុជា បានបាត់បង់ជីវិត ៣១នាក់ និងរបួស ៩១នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានបន្ថែមថា គិតចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ អំពើឈ្លានពាន របស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាល ឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចខាងក្រោម៖
១-ករណីពលរដ្ឋស្លាប់ និងរបួសថ្មី៖ គ្មាន។ គិតសរុបពីថ្ងៃទី ៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស្លាប់ចំនួន ៣១នាក់ និងរបួសចំនួន ៩១នាក់។
២-ករណីពលរដ្ឋនៅជំរំភៀសសឹក៖ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក មានជនភៀសសឹកសរុប ៦៣៤.៤២០នាក់ ក្នុងនោះស្ត្រី ៣៣១.១៣៩នាក់ និងកុមារ២០១.១៥៩នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។
៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលថ្មី៖ គ្មាន។ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតទ្រព្យសម្បត្តិ ឯកជន រួមមាន ផ្ទះ១៥០ខ្នង អគារឯកជន៦ អគារស្នាក់នៅសណ្ឋាគារ៥ ស្ថានីយ៍ប្រេង១ រថយន្ត២៨គ្រឿង ម៉ូតូ១គ្រឿង លាន ទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ១។ ការខូចខាតទ្រព្យសម្បត្តិ សាធារណៈ រួមមាន សាលារៀន៦ មណ្ឌលសុខភាព២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទ បុរាណមួយចំនួន ស្ពាន៥ ផ្សារ១ ផ្លូវចំនួន៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១។ ពេលនេះ មានពលរដ្ឋខ្មែរជាង៦០ម៉ឺននាក់ រួមមាន ស្ត្រីជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចគ្រាប់កាំភ្លើង គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ ពីយន្តហោះចម្បាំង។
ដូចគោលជំហរតាំងពីដើមមករបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា មានអំណរសាទរយ៉ាងក្រៃលែង ចំពោះលទ្ធផលកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូនេះ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបានអនុម័ត និង ចុះហត្ថលេខាលើសេចក្តីប្រកាសរួម បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ អនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និង ស្វែងរកសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងសងខាង។ លទ្ធផលនេះ ក៏ធ្វើឱ្យយើងមើលឃើញ កាន់តែច្បាស់ពីគុណតម្លៃ នៃការជួយជ្រោមជ្រែងរបស់មិត្តភក្តិបរទេស មិត្តអាស៊ាន និងសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ាឡេស៊ី ដើម្បីនាំមកនូវកម្មវត្ថុរួម គឺសន្តិភាព និងស្ថិរភាព សម្រាប់ប្រជាជនកម្ពុជា ប្រជាជនក្នុងតំបន់ និងពិភពលោក។
តាមស្មារតីនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ទទូចដល់ភាគីថៃគ្រប់មជ្ឈដ្ឋាន បញ្ឈប់ជាបន្ទាន់ ការ ផលិតមាតិកា ឬការបង្កើតព័ត៌មានក្លែងក្លាយ បំផុសបំផុល និងបំភ្លៃការពិត ដោយរួមគ្នាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ និងការចរចាជាបន្តបន្ទាប់។
រហូតមកដល់ថ្ងៃនេះ ក្រោមយុទ្ធសាស្រ្តការពារជាតិ សម្តេចតជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត កម្លាំងវីរយុទ្ធជនកម្ពុជា បានតស៊ូប្រយុទ្ធការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចជាញជ័យ ទន្ទឹមគ្នានឹងកម្លាំង មហាសាមគ្គីជាតិខ្មែរក៏កាន់តែរឹងមាំខ្ពស់ត្រដែត ដោយកូនខ្មែរគ្រប់រូបបានវិញស្មារតីរួបរួមជាធ្លុងមួយ រួមចំណែកសម្រាលបន្ទុកការលំបាករបស់ពលរដ្ឋភៀសសឹក។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាមានមោទន់ភាព សូមកត់ត្រាទុករបត់ប្រវត្តិសាស្ត្រមួយនេះ និងសូមអំពាវនាវឱ្យកូនខ្មែរបន្តថែរក្សាវប្បធម៌មួយនេះឱ្យបានពិតថេរជានិរន្តរ៍៕

ប្រភព៖ ក្រសួងមហាផ្ទៃ
- Share This Post:






