ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នៅសៀមរាប ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងកុះករជាង ២,០០០នាក់ លើសពីការរំពឹងទុក

    BY soknita December 29, 2025
    ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នៅសៀមរាប ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងកុះករជាង ២,០០០នាក់ លើសពីការរំពឹងទុក

    (ខេត្តសៀមរាប)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នៅសៀមរាប ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងកុះករជាង ២,០០០នាក់ លើសពីការរំពឹងទុក

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គីភាព» ដើម្បីអបអរសាទរខួបលើកទី២៧ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៥), ជាទិវារំលឹកដល់គោលនយោបាយឈ្នះ ឈ្នះ ក្រោមអគ្គមគ្គុទ្ទេសក៍ឯករបស់សម្ដេចតេជោ ហ៊ុន សែន និងជាការរំលឹកដល់បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។

    ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាបសហការរៀបចំព្រឹត្តិការណ៍នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងសមាគមនានាក្នុងឧស្សាហកម្មទេសចរណ៍, ផ្នែកឯកជនសហការឧបត្ថម្ភកម្មវិធី, អ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ លើសការរំពឹងទុក ប្រមាណជាង ២,០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានប្រមាណជាង ២០សញ្ជាតិ។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីសាទរចំពោះបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ បានចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់តទៅ។ ក្នុងន័យនេះ, ឯកឧត្តមរដ្ឋមន្ត្រី និងអង្គពិធីទាំងមូលបានសម្តែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, វីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការ ពារបូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

    បន្ថែមលើនេះ, ព្រឹត្តិការណ៍នេះ ក៏បានចូលរួមចំណែកជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ជាពិសេសនៅខេត្តសៀមរាប ក៏ដូចជាការពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារភៀសសឹកនៅក្នុងគ្រាដ៏លំបាក។

    ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា មហាគ្រួសារវិស័យទេសចរណ៍ បានដាក់ចេញ «រដូវកាលសាមគ្គីភាព» (Solidarity Season) ដែលយើងរួបរួមគ្នាក្នុងស្ថានភាពដ៏លំបាកនេះ ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង ស្ថិតក្រោមក្របខណ្ឌសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង ៦ ដើម្បីពង្រឹងភាពធន់នៃវិស័យទេសចរណ៍ទៅនឹងវិបត្តិ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ និងដើម្បីធានាថាវិស័យទេសចរណ៍នៅតែបន្តដើរតួនាទីសំខាន់ជា«មាសបៃតង» និងជា «ចន្ទល់សេដ្ឋកិច្ច» ដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: