សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើសបទឈប់បាញ់ មិនមែនជាការ «ចុះចាញ់» ឬយកទឹកដីដូរសន្តិភាពឡើយ តែជាការតម្កល់អាយុជីវិតប្រជាជនជាអាទិភាពខ្ពស់បំផុត
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានផ្ញើសារលិខិតពិសេសមួយជូនជនរួមជាតិ ដើម្បីបំភ្លឺ និងបង្ហាញជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការសម្រេចចិត្តអនុវត្ត «បទឈប់បាញ់ភ្លាម នៅនឹងកន្លែង» រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។

ក្នុងសារលិខិតដ៏មានអត្ថន័យនេះ សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការដែលកម្ពុជាយល់ព្រមទទួលយកបទឈប់បាញ់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធនៅតាមព្រំដែននេះ មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ។
សម្តេចធិបតី បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ»។
ប្រមុខរាជរដ្ឋាភិបាល បានពន្យល់ថា បើទោះបីជាកម្ពុជាមានលទ្ធភាពបន្តទប់ទល់ក្នុងការប្រយុទ្ធក៏ដោយ ប៉ុន្តែការអូសបន្លាយសង្គ្រាមមិនបានផ្តល់ផលចំណេញអ្វីឡើយ ក្រៅពីការបាត់បង់ និងទុក្ខសោក។ ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នានេះ គឺដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ កុមាររាប់ពាន់នាក់បានចូលសាលារៀន និងដើម្បីបញ្ចប់ការរង់ចាំយ៉ាងអន្ទះសាររបស់ក្រុមគ្រួសារកងទ័ពនៅសមរភូមិ។ មកទល់ពេលនេះ ជម្លោះបានបណ្តាលឱ្យជនស៊ីវិល ៣២នាក់ បាត់បង់ជីវិត និង ៩៣នាក់ រងរបួស។
ពាក់ព័ន្ធនឹងបញ្ហាបូរណភាពទឹកដី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា ការរក្សាកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងក្នុងអំឡុងពេលឈប់បាញ់នេះ មិនមានការពាក់ព័ន្ធ ឬប៉ះពាល់ដល់ការកំណត់ខណ្ឌសីមាព្រំដែនឡើយ។ ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ នៅតែបន្តកំណត់ដោយសន្ធិសញ្ញា ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការការងារវាស់វែងឡើងវិញឱ្យបានឆាប់បំផុតផងដែរ។
បន្ថែមពីលើនេះ យោងតាមសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញរយៈពេល ៧២ម៉ោង យោធិនកម្ពុជាចំនួន ១៨រូប នឹងត្រូវបានដោះលែងឱ្យត្រឡប់មកមាតុភូមិវិញ។
នៅចុងបញ្ចប់នៃសារលិខិត សម្តេចធិបតី បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ដោយប្រកាន់យកទស្សនៈ «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ដើម្បីការពារអធិបតេយ្យជាតិ និងកសាងប្រទេសឱ្យកាន់តែរុងរឿង៕

ប្រភព៖ ក្រសួងព័ត៌មាន