មជ្ឈមណ្ឌលសកម្មភាពកំចាត់មី-នកម្ពុជា បង្កើនយុទ្ធនាការអប់រំពីគ្រោះថ្នាក់យុទ្ធភណ្ឌសង្គ្រាម ជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន និងកំពុងបន្តជំរុញយ៉ាងសកម្មនូវយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងទិសខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ នេះ និងបន្តសកម្មភាពឥតឈប់ឈរទៅមុខទៀត។

ស្របពេលដែលបងប្អូនប្រជាពលរដ្ឋភៀសសឹកមួយចំនួនត្រូវវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ អង្គភាព CMAC សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមដែលបានបាញ់ ឬទម្លាក់ចូលក្នុងភូមិឋាន ដីស្រែចម្ការ និងតំបន់លំនៅដ្ឋាន គឺជា «ឃាតករលាក់មុខ» ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬពិការភាពគ្រប់ពេលវេលា។ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ អង្គភាព CMAC សូមណែនាំនូវចំណុចសំខាន់ៗដូចខាងក្រោម ជៀសវាងការចូលទៅកាន់តំបន់ណាដែលអ្នកសង្ស័យថាមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ មុននឹងចូលទៅកាន់តំបន់ណាមួយដែលមិនច្បាស់លាស់ សូមសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាមុនសិន។ គោលការណ៍ «កុំប៉ះពាល់» នៅពេលប្រទះឃើញគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចម្លែកដែលសង្ស័យថាជាគ្រាប់ ដាច់ខាតកុំប៉ះពាល់ កុំគប់លេង កុំដំ ឬកុំព្យាយាមដោះវាដោយខ្លួនឯង។
អង្គភាព CMAC បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយសង្គ្រោះបងប្អូន ដោយមានកម្លាំងប្រតិបត្តិករនៅក្បែរលោកអ្នកបំផុត មានមន្ត្រីបណ្តាញស្ម័គ្រចិត្តចំនួន ៤,០៦៧ នាក់ ដែលស្ថិតនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក គោលដៅរងផលប៉ះពាល់។ ប្រសិនបើប្រទះឃើញគ្រាប់ សូមរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច (នគរបាលប៉ុស្តិ៍ មេភូមិ មេឃុំ)។ ប្រតិបត្តិករបោសសម្អាតមីនរបស់ CMAC ដែលស្ថិតក្នុងតំបន់នោះ។ទំនាក់ទំនងផ្ទាល់ជាមួយបណ្តាញស្ម័គ្រចិត្តក្នុងមូលដ្ឋានរបស់លោកអ្នក។ “សុវត្ថិភាពរបស់បងប្អូន គឺជាអាទិភាពចម្បងរបស់ CMAC។ សូមចូលរួមការពារអាយុជីវិតទាំងអស់គ្នា ដោយការរាយការណ៍ និងមិនប៉ះពាល់សំណល់យុទ្ធភណ្ឌសង្គ្រាម៕

ប្រភព៖ ក្រសួងព័ត៌មាន