កូរ៉េខាងជើង ថ្កោលទោសអាមេរិកចំពោះប្រតិបត្តិការយោធានៅវេណេស៊ុយអេឡា និងរិះគន់ថា ជា«ចរិតឃោរឃៅ និងព្រៃផ្សៃ»
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន KBS នៅក្នុងថ្ងៃទី៥ ខែមករា។ ការថ្កោលទោសខាងលើនេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងជើង នៅក្នុងសន្និសីទផ្លូវការមួយជាមួយក្រុមអ្នកកាសែតរដ្ឋ Korean Central News Agency។
កូរ៉េខាងជើងបានបញ្ជាក់ថា ប្រតិបត្តិការយោធារបស់របស់អាមេរិកនៅវេណេស៊ុយអេឡា គឺជាការរំលោភបំពានអធិបតេយ្យភាព និងជាការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍នៃការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងបូរណភាពទឹកដីរបស់ប្រទេសដទៃ។ កូរ៉េខាងជើងបានបន្តថា ការចាប់ខ្លួន និងផ្ទេរប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ទៅកាន់ទឹកដីអាមេរិក គឺ «ចរិតឃោរឃៅ និងព្រៃផ្សៃ» បំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ ភក្តី
ប្រភព៖ KBS

