វីរៈកងទ័ពម្នាក់ ជាប់ដៃប្រយុទ្ធនៅសមរភូមិមុខ មិនបានមកបង់ប្រាក់ ត្រូវបានហាងបញ្ចាំជូនម៉ូតូវិញមិនគិតទាំងការ ទាំងដើមទៀតផង
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា វីរៈកងទ័ពម្នាក់ ជាប់ដៃប្រយុទ្ធនៅសមរភូមិមុខ មិនបានបង់ប្រាក់ថ្លៃបញ្ចាំម៉ូតូ ៣ខែ នៅហាងមួយកន្លែងក្នុងខណ្ឌទួលគោក ក្រោយមានការបញ្ជាក់ច្បាស់លាស់ ពេលនេះម្ចាស់ហាង បានប្រគល់ម៉ូតូជូនវីរៈកងទ័ព និងមិនគិតថ្លៃការប្រាក់ថែមទៀត។

តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្មីៗនេះ ក្រោយពីឃើញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ថា មានវីរកងទ័ពជួរមុខ០១នាក់ឈ្មោៈ មាស ប្រឹក្សា អាយុ៣១ឆ្នាំ ជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខហើយបានបញ្ចាំម៉ូតូ៣ខែមិនបានមកបង់ប្រាក់ នៅហាងទទួលបញ្ចាំម៉ូតូ ០១ កន្លែងស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ក្រោយទទួលបានពត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ តាមរយៈការជួយជ្រោមជ្រែងពីលោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ ឯកឧត្តមស្នងការ ក៏បានបញ្ជាទៅលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះទៅដល់ហាងបញ្ចាំម៉ូតូខាងលើ ដើម្បីសួរនាំ ហើយជួបម្ចាស់ហាងក៏បានដឹងច្បាស់ថាម៉ូតូនោះពិតជាម៉ូតូវីរកងទ័ពពិតប្រាកដនោះមែន ដោយម្ចាស់ហាងបញ្ចាំក៏បានជូនម៉ូតូនោះទៅវីរកងទ័ពវិញនិងមិនគិតទាំងការប្រាក់និងប្រាក់ដើមផងទៀត។ ជាមួយគ្នានោះ ឯកឧត្តមស្នងការ ក៏បានឧបត្ថម្ភថវិកា សម្ភារ មួយចំនួនជូនដល់វីរកងទ័ពនិងក្រុមគ្រួសារផងដែរ៕



