ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ទទួលបានអំណោយមនុស្សធម៌ ៥០ម៉ឺនដុល្លារ ពីសាធារណរដ្ឋស៊ែប៊ី

    BY soknita January 5, 2026
    កម្ពុជា ទទួលបានអំណោយមនុស្សធម៌ ៥០ម៉ឺនដុល្លារ ពីសាធារណរដ្ឋស៊ែប៊ី

    (រាជធានីភ្នំពេញ)៖ ក្រសួងការបរទេស បានឱ្យដឹង នៅរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ នេះ ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលបានអំណោយមនុស្សធម៌ ៥០ម៉ឺនដុល្លារ ពីសាធារណរដ្ឋស៊ែប៊ី។

    ក្នុងសេចក្ដីប្រកាសព័ត៌មាន បាន សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី សម្រាប់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា។

    ការចូលរួមចំណែកក្នុងកាលៈទេសៈនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសាមគ្គីភាព និងក្តីមេត្តា ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋស៊ែប៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋស៊ែប៊ី ចំពោះប្រជាជនកម្ពុជា។ ការផ្តល់ជំនួយនេះក៏គូសបញ្ជាក់បន្ថែមទៀតនូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលបានផ្សាភ្ជាប់ប្រទេសយើងទាំងពីរអស់រយៈពេលជិត ប្រាំពីរទសវត្សរ៍មកហើយ។

    រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងស្និទ្ធស្នាល ជាមួយសាធារណរដ្ឋស៊ែប៊ី និងបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគី ស៊ែប៊ី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដើម្បីជាប្រយោជន៍រួម និងវិបុលភាព របស់ប្រជាជនទាំងពីរ៕

    ប្រភព៖ ក្រសួងការបរទេស

    Share This Post: